ភ្នំពេញ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមាហាផ្ទៃ ជាំប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈ កម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ.) បានកោតសរសើរ ដល់ស្ត្រីនគរបាលចរាចរណ៍ ដែលបំបៅដោះកូនពេលកំពុងបំពេញតួនាទី ។ នេះបើយោងតាមលិខិតរបស់លោកស្រី ជម្រាបចូនលោកអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ ។
ប្រភពខាងលើនេះបានបន្តឲ្យដឹងថា ក្នុងស្ថានភាពជាស្រ្តីដែលមាន ភារកិច្ចទទួល ខុសត្រូវទ្វេដង លើសពីបុរស គឺបំពេញការងារស្នូលក្នុងអង្គភាពស្ថាប័នផង និងត្រូវ ចិញ្ចឹមបីបាច់ថែទាំកូន តាំងពីនៅក្នុងផ្ទៃ រហូតកើតមក និងបន្តទៅទៀតដល់ ពេលពេញវ័យ បើទោះបីជាបុរសជាស្វាមី ឫអ្នកដែលជាថ្នាក់ដឹកនាំមិនបាន យកចិត្តទុកដាក់ បង្កលក្ខណៈឲ្យងាយស្រួលក៏ដោយក៏នាង មិនបោះបង់កូន និងការងារចោលដែរ ដែលនេះជាទង្វើគួរកោតសរសើរ ។
ពាក់ព័ន្ធនឹងករណីនេះលោកនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរ បាលជាតិ ទទួលផែនចរាចរណ៍ បានចេញមកពន្យល់ នៅថ្ងៃទី១០ ខែមីនា ថា៖ «ការបំបៅកូនជាកាតព្វកិច្ចរបស់ម្តាយគ្រប់រូប តែការផ្តល់ព័ត៌មាន ឬរូបភាពនៅកន្លែងប្រតិបត្តិការរបស់នគរបាល ត្រូវសុំការអនុញ្ញាតជាមុន ពីប្រធានអង្គភាព។ ការធ្វើកិច្ចសន្យា មិនមែនជាការដាក់វិន័យ ប៉ុន្ដែគ្រាន់តែជាការអប់រំ ឲ្យចេះបំពេញការងារឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ ។
សូមជម្រាបថា ក្រោយមានការចុះផ្សាយនៅតាមសារព័ត៌ និងបណ្តាញសង្គមហ្វេស បុក ពីស្ត្រីនគរបាលបំបៅដោះកូនពេលកំពុងបំពេញការងារ ត្រូវថ្នាក់លើធ្វើកិច្ចសន្យា មានការរិះគន់យ៉ាងខ្លាំងពីមហាជន ៕