ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា តាមរយៈការសង្កេតកន្លងមកនេះ មានគ្រឹះស្ថាន ភាគច្រើន បានអនុវត្តត្រឹមត្រូវស្របតាមលិខិតបទដ្ឋាន គតិយុត្ត ដែលមានជាធរមានក្នុងការប្រកបអាជីវកម្មរបស់ខ្លួន ប៉ុន្តែនៅ មានគ្រឹះស្ថានមួយចំនួនតូចអនុវត្តមិនទាន់បានត្រឹមត្រូវនៅឡើយ ដោយបានចែកចាយឬលក់ឱសថ ផលិតផលបំប៉នសុខភាព និង ឧបករណ៍បរិក្ខារពេទ្យតាមប្រព័ន្ធអនឡាញ ផ្សារទំនើប ឬបណ្តាញណិតវើក ក្រៅពីឱសថស្ថាន ឱសថស្ថានរងស្របច្បាប់ ។ ដូចនេះ ក្រសួងសុខាភិបាល បានដាក់ចេញនូវវិធានការ មួយចំនួនដូចជា
១. គ្រឹះស្ថានត្រូវចែកចាយ ឱសថ ផលិតផលបំប៉ន សុខភាព និង ឧបករណ៍បរិក្ខារពេទ្យដែលមានលេខទិដ្ឋាការ ឬ បញ្ជីការដោយមានបិទលតាបត្រត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល ទៅឱ្យឱសថស្ថានដែលមានច្បាប់អនុញ្ញាតតែប៉ុណ្ណោះ ។
២. គ្រឹះស្ថានមិនត្រូវផ្សព្វផ្សាយឱសថ ផលិតផលបំប៉នសុខភាពនិងឧបករណ៍បរិក្ខារពេទ្យតាម គ្រប់រូបភាពដោយគ្មានច្បាប់ អនុញ្ញាតពីក្រសួងសុខាភិបាល ។
៣. គ្រឹះស្ថានមិនត្រូវផ្សព្វផ្សាយ លក់ឱសថ ផលិតផលបំប៉នសុខភាព និងឧបករណ៍ បរិក្ខារពេទ្យ តាមបណ្តាញអនឡាញ ឬ បណ្តាញណិតវើកគ្រប់ប្រភេទ ។
៤. ការលក់ឱសថ ផលិតផលបំប៉នសុខភាព និង ឧបករណ៍បរិក្ខារពេទ្យដល់អតិថិជនសម្រាប់ប្រើប្រាស់ អាចប្រព្រឹត្តទៅបានតែនៅក្នុងឱសថស្ថាន ឱសថស្ថានរងតែប៉ុណ្ណោះ ។
៥. អភិបាលនៃ គណៈអភិបាលរាជធានីខេត្ត ត្រូវណែនាំដល់ឯកឧត្តម លោកជំទាវប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ផ្សព្វផ្សាយនិងណែនាំឱ្យបានទូលំទូលាយ ដល់ឱសថស្ថាន ឱសថស្ថានរង ផ្សារទំនើបនិងទីតាំងលក់ ឱសថ ផលិតផលបំប៉ន សុខភាព និង ឧបករណ៍បរិក្ខារពេទ្យគ្មានច្បាប់ទាំងអស់ និងត្រូវចាត់វិធានការឱ្យបានតឹងរ៉ឹងតាមច្បាប់ ចំពោះទីតាំងទាំងឡាយ ណា ដែលនៅតែបន្តលក់ផលិតផលខាងលើដោយគ្មានច្បាប់អនុញ្ញាត។
៦.ភ្នាក់ងារត្រួតពិនិត្យឱសថនៃនាយកដ្ឋានឱសថចំណីអាហារបរិក្ខារពេទ្យនិងគ្រឿងសម្អាងត្រូវសហការជាមួយភ្នាក់ងារត្រួត ពិនិត្យឱសថរបស់មន្ទីរសុខាភិបាល រាជធានី ខេត្ត ឬ អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះអនុវត្តតាមសេចក្តីណែនាំនេះ ឱ្យមាន ប្រសិទ្ធភាពខ្ពស់។
៧. ក្រសួងសុខាភិបាលនឹងចាត់វិធានការណ៍តឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះគ្រឹះស្ថានទាំងឡាយណា ដែលមិនអនុវត្តតាមសេចក្តីណែនាំនេះ ។
ក្រសួងសុខាភិបាលសង្ឃឹមថា ម្ចាស់ ឱសថការីទទួលខុសត្រូវបច្ចេកទេស អគ្គនាយក និង ម្ចាស់គ្រឹះស្ថានទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ស្របតាម ច្បាប់និង លិខិតបទដ្ឋានគតិយុត្តជាធរមាន៕