ខេត្តបន្ទាយមានេជ័យ ៖ ក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរ:សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានចាត់កម្លាំងរបស់លោកចុះធ្វើប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ និងដកហូតវត្ថុតាងម៉ូតូ០១គ្រឿង ម៉ាកហុងដាស្គុបពី ពណ៌ស គ្មានស្លាកលេខ និងទូរស័ព្ទដៃ០១គ្រឿងម៉ាកOPPO ពណ៌ស្វាយ ដូចដែលមានភិនភាគក្នុងពាក្យបណ្ដឹង ហើយបញ្ជូនមកមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសាកសួរចម្លើយ។
លោកវរៈសេនីយ៏ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យ មាន១/.ឈ្មោះ ហ៊ុន ម៉ៅ ហៅ ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ ២/.ឈ្មោះ សុខ ភារុន ហៅ ប៉ែត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។ ៣/.ឈ្មោះ ឆាន់ ចិន្ដា ហៅ ចិត្ត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរគ្មាន អ្នកទាំង០២រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យទាំង០៣នាក់ ក្រោយពីសមត្ថកិច្ចជំនាញ អ.ហ ក្រុងសាកសួរចម្លើយ បានឆ្លើយសារភាពថា ពួកគេពិតជាបានលួចម៉ូតូ និងទូរស័ព្ទដៃ ដែលមានភិនភាគដូចខាងលើកាលពីថ្ងៃទី៥/៣/២០២១ ពិតប្រាកដមែន ហើយស្អែកឡើងថ្ងៃទី៦ ពួកគេបម្រុងនឹងយកម៉ូតូដែលលួចបានយកទៅបញ្ចាំយកប្រាក់នៅម្ដុំក្លិបថាច់ដោន ក្នុងក្រុងប៉ោយប៉ែត ស្រាប់តែសមត្ថកិច្ច កងរាជអាវុធហត្ថ ឃាត់ខ្លួនបានតែម្ដង។ ដោយផ្អែកតាមពាក្យបណ្ដឹង និងមានវត្ថុតាង ព្រមទាំងលើចម្លើយសារភាព ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យចាត់ការបន្ត។
បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ ត្រូវបានកម្លាំងជំនាញ អកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្តហើយនៅថ្ងៃទី០៧/០៣/២០២១នេះ ចំណែកម៉ូតូ និងទូរស័ព្ទដៃ ត្រូវបានកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕