បរទេស៖ ក្រោយពេលមេដឹកនាំយោធា ធ្វើរដ្ឋប្រហាររឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល និងចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមន្រ្ដីបក្សរបស់លោកស្រីជាច្រើនរូបនោះមក រហូតមកដល់ពេលនេះ មានមន្រ្ដីម្នាក់បានស្លាប់ នៅក្នុងពន្ធនាគាររបស់ក្រុមមេដឹកនាំរដ្ឋប្រហារយោធាភូមា។
បណ្ដាញសារព័ត៌មានសិង្ហបុរី «CNA» បានផ្សាយ កាលពីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ថា មន្ត្រីម្នាក់នៃគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុង សាន ស៊ូជី បានស្លាប់ នៅក្នុងអំឡុងជាប់ឃុំ នៅក្នុងមន្ទីរឃុំឃាំងមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ មន្រ្ដីរូបនោះត្រូវបានចាប់ខ្លួន ដោយកងកម្លាំងសន្តិសុខ នៅក្នុងទីក្រុងរ៉ង់ហ្គូន។
បណ្ដាញផ្សព្វផ្សាយដដែល បានបន្ដថា សាកសពរបស់លោក យូ ឃីន ម៉ង់ ឡាត (U Khin Maung Latt) ត្រូវបានអាជ្ញាធរយោធារបស់មីយ៉ាន់ម៉ា ប្រគល់ឱ្យក្រុមគ្រួសារវិញ កាលពីថ្ងៃអាទិត្យ ទី៧ ខែមីនា ឆ្នាំ២០២១។
បើតាមអាជ្ញាធរយោធាមីយ៉ាន់ម៉ា ឬភូមា បានបញ្ជាក់ថា មន្ត្រីគណបក្ស NLD រូបនេះបានស្លាប់ដោយសារខ្យល់គរ។ ប៉ុន្តែបើតាមក្រុមសកម្មជន និងសាក្សីមួយចំនួន បានអះអាងថា លោក U Khin Maung Latt អាយុ៥៨ឆ្នាំ ត្រូវបានប៉ូលិស និងទាហានវាយទាត់ធាក់ នៅក្នុងអំឡុងប្រតិបត្តិការចាប់ខ្លួនរូបលោក កាលពីថ្ងៃទី៦ ខែមីនា ចុងសប្ដាហ៍កន្លងទៅនេះ។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយដ៏ធ្ងន់ធ្ងរ ក្រោយពេលមេដឹកនាំយោធា ធ្វើរដ្ឋប្រហាររឹបអូសអំណាច និងចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី ហើយមន្រ្ដីជាន់ខ្ពស់ជាច្រើនរូបទៀត កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយពេលរដ្ឋប្រហារនេះ បានបង្កឲ្យបាតុកម្មទូទាំងប្រទេស រហូតមានការប៉ះទង្គិចគ្នា រវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងតិច៦០នាក់។ ទោះជាយ៉ាងនេះក្ដីក្រុមបាតុករនៅតែចេញមុខមកតវ៉ា ហើយសម្ព័ន្ធសហជីពដ៏មានឥទ្ធិពល នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានអំពាវនាវឲ្យធ្វើកូដកម្ម នៅទូទាំងប្រទេស ដោយចាប់ផ្តើមនៅថ្ងៃចន្ទ ទី៨ ខែមីនា ឆ្នាំ២០២១នេះបន្ដទៀត៕