ខេត្តសៀមរាប៖ លោកជំទាវ ទាង អេង-ទៀសីហា អនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងសហការី រួមជាមួយនឹងរដ្ឋបាលស្រុកពួក កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ បានប្រគល់ផ្ទះមនុស្សធម៌ទី៧៧ រួមជាមួយនឹងស្បៀងអាហារ សម្ភារ: ប្រើប្រាស់ និងថវិកាមួយចំនួនទៀត ជូនដល់ជនចាស់ជរាគ្មានទីពឹងម្នាក់ឈ្មោះ លោកយាយ ប៊ិន ហ៊ាវ អាយុ ៨៦ឆ្នាំ មានទីលំនៅភូមិត្រីញ័រ ឃុំត្រីញ័រ ក្នុងស្រុកពួក ក្រោមការចូលរួមគាំទ្រពីសំណាក់សប្បុរសជន ដែលជាចលនាកសាងផ្ទះមនុស្សធម៌ ។
លោកយាយ ប៊ិន ហ៊ាវ ពុំមានដីស្រែអាស្រ័យផលនោះទេ ហើយក្នុងរយ:ពេលប្រហែលជា៣០ឆ្នាំចុងក្រោយនេះ លោកយាយរស់នៅម្នាក់ឯង គ្មានកូនចៅ ដែលរស់នៅអាស្រ័យដោយអ្នកជិតខាងជួយផ្តល់ជាស្បៀងអាហារ បាយទឹក ម្ហូបអាហារជាដើម។ ជាមួយគ្នានោះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្ត បានផ្ដល់នូវអំណោយមួយចំនួនទៀតជូនដល់លោកយាយនៃគ្រួសារក្រីក្រ ចំនួន៥នាក់ផ្សេងទៀត សម្រាប់រដោះស្រាយជីវភាពប្រចាំថ្ងៃនៅចំពោះមុខនេះ។
លោកស្រី ទាង លី អគ្គនាយិកាសិប្បកម្ម បាលិលេយ្យ ដែលជាសប្បុរសជនម្ចាស់អំណោយផ្ទះមនុស្សធម៌ទី៧៧ បានថ្លែងថា៖ តាមរយ: នៃចលនាកាកបាទក្រហមកម្ពុជា បាននាំមកនូវការបង្កើត និងជំរុញឲ្យមានចលនាសង្គមជាតិមួយ ដោយផ្តោតទៅការជួយគ្នាក្នុងគ្រាលំបាក ដែលទាំងនេះវាបានបង្ហាញអំពីភាពរឹងមាំនៃសាមគ្គីធម៌ប្រជាជាតិខ្មែរ តាមគន្លងត្រួសត្រាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺការធ្វើឲ្យចលនានៃសិល្ប:ចែករំលែក បានក្លាយជាប្រពៃណីដ៏ល្អរបស់ប្រជាពលរដ្ឋកម្ពុជា ។
លោកជំទាវ ទាង អេង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍ថា ៖ ចលនាកសាងផ្ទះមនុស្សធម៌ ជាផ្នែកមួយនៃបេសកកម្មរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីជួយដល់ជនចាស់ជរា ជនមានពិការភាព ស្រ្តីមេម៉ាយ ទុរគតជនគ្មានទីពឹង កំពុងបន្តនិរន្តរភាពរបស់ខ្លួន ក្រោមការចូលរួម និងគាំទ្រពីសំណាក់បងប្អូនសប្បុរសជន ដូច្នេះក្នុងឱកាសនេះ សូមថ្លែងនូវការកោតសរសើរ ចំពោះមន្រ្តីអនុសាខា និងអាជ្ញាធរមូលដ្ឋាន ដែលបានសហការស្រាវជ្រាវរកទុរគតជន ដើម្បីកាកបាទក្រហមកម្ពុជា បានបំពេញតួនាទី និងបេសកកម្មមនុស្សធម៌របស់ខ្លួន បានទាន់ពេលវេលា និងចំគោលដៅពិតប្រាកដ៕