ខេត្តបាត់ដំបង៖ ស្រ្ដីម្នាក់បានខ្ចីបុលប្រាក់អ្នកដទៃ រហូតវណ្ឌក យកទៅចាយវាយខ្ជះខ្ជាយ ក៏ប្រឌិតរឿងចោរមួយក្រុមសម្រុកចូលប្លន់ បង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច កាលពីព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នៅក្នុងភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ។
លោក វ៉ាន់ តារ៉ា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង បានបញ្ជាក់ថា ក្រោយពេលលោកបានសាកសួរស្ត្រីខាងលើ ឈ្មោះ ម៉ៅ ចំរើន អស់រយ:ពេលជាច្រើនម៉ោង ដើម្បីចង់ដឹងអំពីសកម្មភាព នៃអំពើប្លន់នោះ។ ប៉ុន្តែក្រោយពេលសាកសួរដេញដោល និងប្រើប្រាស់តាមវិធីចិត្តសាស្រ្ត ទើបដឹងច្បាស់ថា មិនមានអំពើប្លន់នោះទេ។ បើតាមការពិត វាជាការប្រឌិតរបស់ស្ត្រីរូបនេះ ដើម្បីគេចវេះ ពីការស្ដីបន្ទោសរបស់ប្ដី ដោយសារគាត់លួចលក់គ្រឿងអលង្ការ និងយកលុយទៅចាយវាយអស់គ្មានសល់។
លោកនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង បានបន្ថែមថា ក្រោយពេលបង្កឱ្យមានការភ្ញាក់ផ្អើល តាមរយ:ការស្រែកឆោឡោថា មានក្រុមចោរ៣នាក់ចូលមកប្លន់ ប្រដាប់ដោយកាំភ្លើងខ្លី និងកាំបិត ហើយបានសម្រុកឡើងផ្ទះគាត់ ហើយភ្ជង់គំរាមសម្លាប់គាត់ដោយប្លន់យកមាស និងប្រាក់គាត់អស់គ្មានសល់។ រីឯទ្រព្យដែលគាត់ប្រឌិតថា ចោរប្លន់នោះ រួមមាន ខ្សែដៃមាសចំនួន២ខ្សែ ទម្ងន់១តម្លឹង ខ្សែកប្លាទីន១ខ្សែ ប្រាក់ខ្មែចំនួន៦០ម៉ឺនរៀល ប្រាក់ថៃចំនួន២ម៉ឺនបាត និង ប្រាក់ដុល្លារចំនួន១០០ដុល្លារ។
លោកនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង បានបន្ដថា បន្ទាប់ពីសមត្ថកិច្ចសាកសួរ និងស៊ើបអង្កេតដឹងការពិតរួចហើយ ស្ត្រីឈ្មោះ ម៉ៅ ចំរើន បានលើកដៃសំពះសុំទោសដល់សមត្ថកិច្ច ដោយនិយាយថា «ខ្ញុំសុំទោស.. ខ្ញុំបានធ្វើខុស.. ខ្ញុំបានប្រឌិតពីរឿងចោរឡើងលើផ្ទះប្លន់ប្រដាប់អាវុធ។ រីឯរឿងមាសដែលថាបាត់នោះ គឺខ្ញុំបានលក់ តាំងពីខែមករា យកលុយទៅចាយវាយ និងសងគេអស់ហើយ៕