បរទេស៖ រហូតមកដល់ពេលនេះ ប្រទេសមីយ៉ាន់ម៉ា ឬភូមា បានធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយដ៏ធ្ងន់ធ្ងរ ហើយក្រុមមេដឹករដ្ឋប្រហារយោធា បានបង្ក្រាបទៅលើក្រុមបាតុករ បណ្ដាលឲ្យមនុស្សយ៉ាងតិច៥០នាក់ស្លាប់ ទើបនាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្ដរជាតិ ហើយសហរដ្ឋអាមេរិកក៏បានសម្រេចបង្កកលុយ ១ពាន់លានដុល្លារ នៅក្នុងធនាគារ នៅបុរីញូវយ៉ាក។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ក្រោយពេលមានរដ្ឋប្រហារ រឹបអូសអំណាច និងចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នោះមក ក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ា តែងតែព្យាយាម បញ្ជូនប្រាក់ទាំងនោះ វិលត្រឡប់មកប្រទេសវិញ។ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយរដ្ឋប្រហារបាន៣ថ្ងៃ ធនាគារជាតិមីយ៉ាន់ម៉ា បានព្យាយាមដកប្រាក់ ចេញពីធនាគារអាមរិក។ ប៉ុន្តែអាមេរិកបានបង្កកប្រាក់ទាំងនោះ ហើយអាចមិនឲ្យមេដឹកនាំយោធាដកប្រាក់បាននោះឡើយ ។
បណ្ដាញសារព័ត៌មានបរទេស បានផ្សាយទៀតថា អាមេរិកបានបង្កកប្រាក់១ពាន់លានដុល្លារនោះ បានកើតឡើង ក្រោយពេលរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានដកតំណែងប្រធានធនាគារចាស់ ហើយតែងតាំងប្រធានធនាគារជាតិថ្មី បន្ទាប់ពីការធ្វើរដ្ឋប្រហាររបស់ពួកគេ។ ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានបន្ថែមលើការរឹតត្បិតការនាំចេញរបស់មីយ៉ាន់ម៉ា ចូលទៅកាន់ទឹកដីអាមេរិក។ បន្ថែមលើសពីនេះទៅទៀតអាមេរិកបានដាក់ទណ្ឌកម្មទៅលើរបបគ្រប់គ្រងយោធាមីយ៉ាន់ម៉ា រហូតដល់តែពួកគេព្រមប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលវិញ។
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាថ្មីទៅលើប្រទេសអាស៊ានមួយនេះ។ រីទណ្ឌកម្មនេះបានកើតឡើង ក្រោយពេលកម្លាំងយោធារបស់មីយ៉ាន់ម៉ា បានប្រើហិង្សាបំបែកក្រុមបាតុករ បណ្តាលឲ្យមានអ្នកស្លាប់ជាច្រើននាក់។
ជាមួយគ្នានេះដែរ ប្រទេសកាណាដា និងសហគមន៍អឺរ៉ុប ហើយអង់គ្លេស ក៏បានសម្រេចដាក់ទណ្ឌកម្មទៅលើប្រទេសមីយ៉ាន់ម៉ា ស្របគ្នាជាមួយនឹងសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្ដែបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះ មានមនុស្សយ៉ាងហោចណាស់ ចំនួន៥៤នាក់បានស្លាប់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយក្រុមបាតុករ ១ ៧០០នាក់ផ្សេងទៀត ត្រូវក្រុមយោធាចាប់ខ្លួន៕