ភ្នំពេញ ៖ ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈហ្វេសប៊ុក ផ្លូវការ នាថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បានអោយដឹងថា បើគិតមកត្រឹមថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ ការងារបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវ ប្រាំង ប្រមាណជា ៦៤២ ៤៨៣ ហិកតា ស្មើនឹង ១៣៩,៩១ភាគរយ លើផែនការចំនួន ៤៥៩ ២០០ ហិកតា។
ឯកឧត្ដម វេង សាខុន បានបញ្ជាក់បន្ថែមថា ការសម្រេចបានលើការងារបង្កបង្កើន ផល ស្រូវរដូវ ប្រាំងនេះ បើទោះជាព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសស្ថិតនៅក្នុងអាង ទន្លេមេគង្គ បានជួបបញ្ហាប្រឈមទៅនឹងកម្រិតកម្ពស់ទឹកទន្លេមេគង្គ នៅក្នុងរដូវវស្សា ឆ្នាំ២០២០ កន្លងទៅ យ៉ាងណាក៏ដោយ។ ឯកត្ដមបានបន្ដថា តាមលទ្ធផលខាងលើ យើងបាន ពិនិត្យឃើញថា មានខេត្តចំនួន ៥ ក្នុងចំណោម ២៥ រាជធានី ខេត្ត ដែលបានធ្វើឱ្យសម្រេច ដាំដុះលើផ្ទៃដីស្រូវរដូវប្រាំងច្រើនជាងគេ ក្នុងនោះរួមមាន៖ ខេត្តព្រៃវែង សម្រេចបាន ១១១ ២៧៩ ហិកតា ខេត្តតាកែវ សម្រេចបាន ១០៧ ៣៧៧ ហិកតា ខេត្តកំពង់ធំ សម្រេចបាន ៧៦ ៩៥៦ ហិកតា ខេត្តកណ្តាល សម្រេចបាន ៥៥ ០៤៧ ហិក និងខេត្តបន្ទាយមានជ័យ សម្រេច បាន ៥០ ៥១១ ហិកតា។
ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ស្របពេលដែលប្រជាកសិករនៅ តំបន់មួយចំនួន បាននិងកំពុងបន្តសាបព្រោះ ក៏ដូចជាការប្រមូលផលស្រូវរដូវប្រាំង នៅទូទាំង ប្រទេស បាននិងកំពុងដំណើរការបន្តបន្ទាប់ផងដែរ គិតមកត្រឹមថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ប្រជាកសិករសម្រេចប្រមូលផលស្រូវរដូវប្រាំងបានចំនួនជាង ១,៤ លានតោន លើផ្ទៃដី ៣២៥ ៦១៣ ហិកតា ស្មើនឹង ៥០,៦៨ភាគរយ ដែលទទួលបានទិន្នផលជាមធ្យមប្រមាណ ៤,៤៣ តោន ក្នុង១ហិកតា។ លើសពីនេះទៀត បើ យោងតាមការព្យាករណ៍របស់អគ្គនាយកដ្ឋាន កសិកម្មបានឱ្យដឹងថា ការប្រមូលផលស្រូវរដូវប្រាំងឆ្នាំនេះ អាចមានចំនួនជាង ២,៦ លានតោន ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យបានឱ្យដឹងថា ការនាំចេញ ផលិត ផលស្រូវពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល២ខែ ៤ថ្ងៃ ក្នុងដើម ឆ្នាំ២០២១ នេះ សម្រេចបានចំនួន ៧០៧ ៥៩៥ តោន ក្នុងនោះ ការនាំចេញស្រូវផ្លូវការ មានចំនួន ៣៤៥ ៦០០ តោន។ ដោយឡែកចំពោះទីផ្សារស្រូវវិញ ក្នុងឆ្នាំ២០២១នេះ គឺកសិករ ភាគ ច្រើនសប្បាយចិត្ត ព្រោះតម្លៃស្រូវថ្លៃជាងរាល់ឆ្នាំ ដោយលក់ក្នុងតម្លៃចាប់ពី៩៥០រៀល ដល់ ១ ១៧០ រៀល ក្នុង១គីឡូក្រាម៕