ខេត្តបាត់ដំបង ៖ គ្រោះធម្មជាតិ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលអោយផ្ទះរបស់ពលរដ្ឋ ជាង៧០ខ្នង បានទទួលរងការខូចខាត ស្ថិតនៅឃុំចំនួន៤ ក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។
លោក យ៉ាន ឧត្តម នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ទទួលបន្ទុកការងារគ្រប់គ្រងគ្រោះមន្តរាយ បានឲ្យដឹងកាលថ្ងៃទី៣ ខែមិនាថា ផ្ទះដែលបានរងផលប៉ះពាល់នោះសរុបទាំងអស់ចំនួន៧២ខ្នង សាលារៀន១ខ្នង ក្នុងនោះនៅឃុំស្តុកប្រវឹកប៉ះពាល់ ៣២ខ្នង និងសាលារៀន១ខ្នង (ធ្ងន់ធ្ងរ៦ខ្នង), ឃុំមុខរាហ៍ ប៉ះពាល់១៣ខ្នង (ធ្ងន់ធ្ងរ៣ខ្នង), ឃុំព្រែកជីក ប៉ះពាល់១៥ខ្នង (ធ្ងន់ធ្ងរ៤ខ្នង) និងឃុំព្រែកត្រឡាច ប៉ះពាល់ ១២ខ្នង។
លោកបានបន្តថា ហេតុការគ្រោះធម្មជាតិនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២ ខែមិនា ដោយក្រៅពីស្រុករុក្ខគិរី ក៏នៅមាន ស្រុកចំនួន ២ទៀត ក៏បានរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់នេះដែរ គឺមាននៅស្រុកមោងឫស្សីប៉ះពាល់ ៣ខ្នង និងស្រុកបាណន់ប៉ះពាល់១ខ្នង និងបង្កឲ្យដួលរលំខូចខាតដំណាំស្វាយនិងមៀនប៉ៃលិនឬតាង៉ែនជាច្រើនដើមផងដែរ។
ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចាត់ឲ្យមន្ត្រីចុះសួរសុខទុក្ខពលរដ្ឋរងគ្រោះ និងស្រង់ស្ថិតិឲ្យបានត្រឹមត្រូវ ដើម្បីត្រៀមផ្ដល់នូវអំណោយ ទៅតាម ស្ថានភាពជាក់ស្ដែង៕