ភ្នំពេញ ៖ ស្ត្រីម្នាក់ជាមេដោះកូនលោកស្រីទ្រី ដាណា ត្រូវបានចាប់ឃាត់ខ្លួនពាក់ពន្ឋ័ករណីលួចលុយចំនួន១២០០០ដុល្លារ ប្រគល់ឲ្យកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
កងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យដឹងថា កម្លាំងជំនាញកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានទទួលជនសង្ស័យម្នាក់ ពីបទលួច (លុយ) ពី ឈ្មោះ ទ្រី សាលីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តំណាងឱ្យជនរងគ្រោះឈ្មោះទ្រី ដាណា។
ចំណែកជនសង្ស័យឈ្មោះ សំរិត ផល អាយុ៣៥ឆ្នាំ មុខរបរ (មើលថែកូនរបស់ជនរងគ្រោះ) ស្នាក់នៅក្នុងហាងលក់គ្រឿងអលង្ការទ្រី ដាណា នៅតាមបណ្តោយមហាវិថី ឈ្នះ=ឈ្នះ ស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីបានទទួលជនសង្ស័យហើយក៏យកមកធ្វើការសាកសួរ ដែលនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចយកលុយចំនួន ១២.០០០ដុល្លារ (មួយម៉ឺនពីពាន់ដុល្លារ) របស់លោកស្រីទ្រីដាណា ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ត៕