រាជធានីភ្នំពេញ៖ ក្រោយពេលបង្រ្កាបទៅលើក្រុមឧក្រិដ្ឋជន មានគម្រោងប្លន់ និងសម្លាប់មនុស្សអស់មួយគ្រួសារ ដែលមិនបានសម្រេចផែនការ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នោះ រហូតមកដល់ព្រឹក ថ្ងៃទី៤ ខែមីនា សមត្ថកិច្ចជំនាញបានរកឃើញភ័ស្ដុតាងថ្មីបន្ថែមទៀត ពិតជាគួរឲ្យញាក់សាច់មែនទែន។
សមត្ថកិច្ចបានបញ្ជាក់ នៅព្រឹក ថ្ងៃទី៤ ខែមីនា ថា ក្រោយពេលកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបករណីប៉ុនប៉ងចូលជំរិត និងប្លន់សម្លាប់ មិនបានសម្រេច កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅបុរីអង្គរភ្នំពេញនោះមក សមត្ថកិច្ចជំនាញនៅតែបន្ដស្រាវជ្រាវ។
សមត្ថកិច្ចបានបន្ដថា រហូតមកដល់ពេលនេះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណក្រុមឧក្រិដ្ឋជនទាំង៤នាក់ រួមមាន៖
ទី១-ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ (ជាមេខ្លោង) កាន់កាំភ្លើង AK47 ។ ជននេះកើតថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៩ មានស្រុកកំណើតនៅស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានជួលបន្ទប់លេខ៣១៤ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទុកចោល ដោយចេញចូលម្តងម្កាលតែប៉ុណ្ណោះ។
ទី២-ឈ្មោះ រី ពិសី កាន់កាំភ្លើងខ្លី ម៉ាក សូរ៉ាគី កើតថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៩១ មានស្រុកកំណើត សង្កាត់វឌ្ឍនភាព ទីរួមខេត្តកណ្តាល និងមានទីលំនៅបច្ចុប្បន្ន (មុនពេលស្លាប់) ផ្ទះលេខ១២៨ ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៣-ឈ្មោះ ម៉ូវ ផានិត កើតថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៩៨ មានស្រុកកំណើតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទីលំនៅបច្ចុប្បន្ន (មុនពេលស្លាប់) នៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះជួល ក្រោយវត្តតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ទី៤-ឈ្មោះ រ៉ន ភារុណ កាន់កាំភ្លើងខ្លីម៉ាក CZ P09 កើតឆ្នាំ២០០០ មានស្រុកកំណើត នៅភូមិព្រែកសំរោង ឃុំតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទីលំនៅបច្ចុប្បន្ន (មុនពេលស្លាប់) នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ក្រៅពីអាវុធវែង-ខ្លីចំនួន៣ដើមខាងលើនេះ សមត្ថកិច្ចជំនាញបានរកឃើញថា ជនល្មើសនៅមានខ្នោះដៃ២គូ ស្កុតសម្រាប់រុំបិទមាត់២ដុំ, ខ្សែរ៉ូតជ័រទុកចងដៃជើងជនរងគ្រោះចំនួន១ដុំ ហើយពួកគេបានយកមកតាមខ្លួន សម្រាប់ធ្វើសកម្មភាពចាប់ជំរិត និងប្លន់សម្លាប់ជនរងគ្រោះមួយគ្រួសារ។
សមត្ថកិច្ចបានបន្ដទៀតថា ក្រោយពេលបង្រ្កាបរួច ទើបនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងជំនាញ នៃមូលដ្ឋានអាវុធហត្ថ ខណ្ឌសែនសុខ និងដោយមានការសហការ ជាមួយម្ចាស់ផ្ទះជួល ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះឆែកឆេរបន្ទប់ជួលរបស់ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ដែលជួលទុកចេញចូលម្តងម្កាល រកឃើញសម្ភារល្មើសច្បាប់ជាច្រើនទៀត។ រីឯវត្ថុតាងទាំងនោះ រួមមាន៖ ១.កាំភ្លើងវែង ម៉ាក M16 ចំនួន១ដើម, ២.គ្រាប់កាំភ្លើងចម្រុះ ចំនួន១៦ គ្រាប់, ៣.ស្រោមអាវុធខ្លី ម៉ាក K54 ចំនួន១ និង ៤.សម្ភារផ្ទាល់ខ្លួនរបស់ជនល្មើសជាច្រើនទៀត៕