វិទ្យាសាស្រ្ស : អ្នកដែលនិយមតាមដានព័ត៌មានវិទ្យាសាស្រ្ត ប្រហែលជាធ្លាប់បានដឹងហើយថា កន្លងទៅនេះ SpaceX បានបង្ហោះយានអវកាស Starship សាកល្បងចំនួន 2 គ្រឿងរួចមកហើយ នោះគឺ SN8 និង SN9 ប៉ុន្តែយានទាំងពីរនេះ មិនអាចធ្វើបានដូចគោលដៅធំរបស់ SpaceX ឡើយ ដោយពួកវាបានផ្ទុះក្នុងអំឡុងពេលចុះចត។ ដោយឡែក ក្នុងពេលប៉ុន្មានម៉ោងមុននេះ SpaceX បានធ្វើការបង្ហោះសាកល្បងយានទី 3 របស់ខ្លួន ត្រូវបានគេហៅថា SN10 ហ្នឹងឯង ហើយជាលទ្ធផលឃើញថា វាធ្វើបានយ៉ាងប្រសើរ ទាំងការហោះឡើង និងការចុះចត ប៉ុន្តែបញ្ហានៅតែកើតឡើង បន្ទាប់ពីចុះចតរួចរាល់។
ពិតណាស់ SpaceX ទើបតែបានបង្ហោះសាកល្បងយានអវកាស Starship SN10 របស់ខ្លួន មុននេះបុន្មានម៉ោងប៉ុណ្ណោះ ដោយលើកនេះ គឺគេបានបង្ហោះវាទៅកាន់កម្ពស់ប្រមាណជា 10km ពីផ្ទៃដី ហើយជាលទ្ធផលមកវិញ គឺថាវាមិនដូច SN8 និង SN9 កន្លងទៅឡើយ ដោយ SN10 អាចធ្វើការហោះឡើង ទៅកាន់រយៈកម្ពស់ ដែលបានកំណត់ដោយជោគជ័យ ហើយក៏បានចុះចតមកកាន់ទីតាំងដើមលើផ្ទៃដីវិញ បានជោគជ័យដូចគ្នា។ ប៉ុន្តែទោះជាចុះចតបានជោគជ័យក៏ដោយ បន្ទាប់ពីមួយសន្ទុះក្រោយមក Starship SN10 នៅតែផ្ទុះឡើងដដែល ទាំងដែលវាកំពុងតែចតលើដីស្ងៀម នៅនឹងកន្លែងចត ហើយក៏មិនមានចលនាអ្វីទាំងអស់។
គួរបញ្ជាក់ម្ដងទៀតថា គោលដៅធំនៃការបង្ហោះ Starship SN8, SN9 រួមទាំង SN10 របស់ SpaceX លើកនេះ ចំណុចសំខាន់បំផុត គឺព្យាយាមធ្វើយ៉ាងណា ឲ្យវាអាចហោះទៅកាន់លំហ និងចុះចតមកតំបន់ដើមរបស់វាវិញ ដោយស្វ័យប្រវត្តិ និងសុវត្ថិភាពហ្នឹងឯង ដើម្បីឲ្យគេអាចប្រើប្រាស់វាម្ដងទៀតបាន។
និយាយរួមមកវិញ លើកនេះយើងអាចនិយាយបានថា Starship SN10 គឺធ្វើការបានជោគជ័យ ទាំងការហោះឡើង និងការចុះចត ព្រោះថាវាបានចុះចតមកលើផ្ទៃដី បានយ៉ាងប្រសើរ មិនដូចរាល់ដងនោះទេ ប៉ុន្តែយ៉ាងណា អាចដោយសារតែបញ្ហា ឬចំណុចខ្វះខាតមួយចំនួនទៀត ដែលធ្វើឲ្យវាផ្ទុះបន្ទាប់ពីចុះចតរួចរាល់ ជាច្រើននាទីមក។ បើទោះជាលើកនេះវានៅតែផ្ទុះ ប៉ុន្តែយើងអាចរំពឹងថា Starship ដែល SpaceX នឹងបង្ហោះលើកក្រោយ គឺអាចនឹងធ្វើបានប្រសើរជាងនេះ ព្រោះបើតាមការកត់សម្គាល់មើលកន្លងមកឃើញថា ក្រុមហ៊ុនអវកាសខាងលើ ពិតជាខិតខំមែនទែន ដើម្បីឲ្យយានអវកាសរបស់ខ្លួន ធ្វើបានកាន់តែល្អតាមរយៈការសាកល្បងនីមួយៗ ហេតុនេះយើងសង្ឈឹមថា Starship ដែលលគេបង្ហោះសាកល្បងពេលក្រោយ នឹងអាចចុះចតបានកាន់តែល្អ និងមិនមានបញ្ហាដូចខាងលើនេះទៅចុះ។ ប្រភព Spacex