អ៊ីតាលី៖ អ្នកបុរាណវិទ្យានៅប្រទេសអ៊ីតាលីបានរកឃើញរទេះសេះដែលនៅរក្សាបានរូបរាងយ៉ាងល្អ នៅជិតទីក្រុងបុរាណ Pompeii។
នៅលើគេហទំព័ររបស់ការរកឃើញនៅ Pompeii បានហៅវាថាជា «របកគំហើញពិសេស» ពីព្រោះវាតំណាងឱ្យការរកឃើញដ៏កម្រមួយ ដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសអ៊ីតាលីរហូតមកដល់ពេលនេះ ដោយរូបរាងវានៅតែរក្សាបានល្អផងដែរ។
ការផ្ទុះឡើងនៃភ្នំភ្លើង Vesuvius ក្នុងឆ្នាំ79ក្រោយគ្រិស្តសករាជ បានគ្របដណ្តប់ទីក្រុងនេះនៅក្នុងផេះភ្នំភ្លើង ដែលធ្វើឱ្យក្រុងនេះនៅតែរក្សាភាពដើមបាន និងជាកន្លែងបុរាណវិទ្យាដ៏ល្បីល្បាញបំផុតមួយរបស់ពិភពលោក។
លោក Massimo Osanna នាយកឧទ្យានបុរាណវិទ្យាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រទេះសេះនេះទំនងជាត្រូវបានប្រើសម្រាប់ពិធីបុណ្យនិងក្បួនដង្ហែរ ឬនាំកូនក្រមុំទៅពិធីមង្គលការរបស់នាង ជាជាងការប្រើប្រាស់ប្រចាំថ្ងៃ រទេះសេះនេះមានកង់បួន និងផ្នែកខ្លះធ្វើពីដែក ព្រមទាំងមានគ្រឿងតុបតែងធ្វើពីលង្ហិន សំណប៉ាហាំង និងឈើ។
វាត្រូវបានគេរកឃើញដំបូងនៅថ្ងៃទី7 ខែមករា ប៉ុន្តែការជីកនេះបានចំណាយពេលរាប់សប្តាហ៍ ដោយសារតែសម្ភារទាំងនោះមានភាពផុយស្រួយ។
ជាអព្ភូតហេតុហើយ ដែលរទេះនេះមិនបាក់បែកក្នុងការដួលរលំនៃជញ្ជាំងនិងពិដានបន្ទប់អំឡុងពេលការផ្ទុះភ្នំភ្លើង និងមិនត្រូវបានបំផ្លាញដោយក្រុមមនុស្សដែលជីកផ្លូវរូងក្រោមដីខុសច្បាប់នៅទីតាំងនោះផងដែរ ក្រុមអ្នកជំនាញបានអបអរ ចំពោះការរកឃើញនេះ៕