ភ្នំពេញ ៖ កីឡាករជើងខ្លាំង ឡៅ ចន្ទ្រា អ្នកប្រដាល់នៃក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ស្វាគមន៍កីឡាករឈឿង ល្វៃ របស់ក្លិបនាគរាជចតុមុខ មកសងសឹក ខណៈកីឡាករធើន ធារ៉ា អ្នកប្រដាល់មកពីក្លិបក្រសួងកសិកម្ម ឡើងសាកកណ្តាប់ដៃនិងកីឡាករពុទ្ធ ឆាយរិទ្ធី អ្នកប្រដាល់នៃក្លិបពុទ្ធសេរីវង្សកីឡាពោធិសែនជ័យ ចំណែកកីឡាករឡុង ជិន អ្នកប្រដាល់របស់ក្លិបខ្លារខិនមានរិទ្ធ ឡើងតតាំងនិងកីឡាករសូត្រ វាសនា អ្នកប្រដាល់មកពីក្លិបបក្សីស្លាបដែក លើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ទី៦ ខែមិនា ឆ្នាំ២០២១នេះ។
កីឡាករឡៅ ចន្ទ្រា ស្វាគមន៍កីឡាករឈឿង ល្វៃ មកសងសឹកក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។ ការប្រកួតរបស់ឈឿង ល្វៃ កន្លងមកគេមានចំណុចទាក់ទាញខ្លាំង ដោយសារ មានទឹកចិត្តប្រកួតមហាធំ ស្នៀតទាត់ ជង្គង់ល្អ ពិសេសកែងដ៍មុតស្រួចរបស់គេតែម្តង។ ចំណែកកីឡាករជើងខ្លាំង ឡៅ ចន្ទ្រា បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាងច្រើនកុះករ ពីអ្នកស្នេហាវិស័យកីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀត ជាពិសេសរូបគេចូលចិត្តប្រើស្នៀតកែងនិងជង្គង់ ដែលអាចវាយចេញជាប្រយោលក៏បាន ចូលកៀកក៏បាន ដើម្បីផ្ដួលគូប្រកួតរបស់ខ្លួន រួមផ្សំជាមួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ ធ្វើឲ្យកីឡាករក្នុងស្រុក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ការសងសឹកលើកនេះត្រូវបានអ្នកគាំទ្រប្រដាល់គុនខ្មែរលើកឡើងថា ឈឿង ល្វៃ មិនអាចសងសឹកបានសម្រេចនោះទេ ព្រោះកីឡាករឡៅ ចន្ទ្រា នៅតែបញ្ចេញស្នៀតខ្លាំងដូចមុនដដែល។
ដោយឡែកកីឡាករធើន ធារ៉ា ត្រូវជួបសាកកណ្តាប់និងកីឡាករពុទ្ធ ឆាយរិទ្ធី ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម។ ស្នៀតខ្លាំងរបស់ធឿន ធារ៉ា គឺកែង កណ្តាប់ដៃ និងជើងទាត់កាត់ ហើយគេមានកម្ពស់ខ្ពស់ជាអំណោយផលក្នុងការវាយលក្ខណគុនខ្មែរទៀតផង។ រីឯពុទ្ធ ឆាយរិទ្ធី គេអ្នកប្រដាល់ម្នាក់ដែលគូប្រកួតល្មមៗពិបាកក្នុងការបង្ក្រាបគេណាស់ព្រោះតែ ឆាយរិទ្ធីគេជាអ្នកប្រដាល់ដែល មានស្នៀតជើងទាត់ និងកណ្តាប់ដៃខ្លាំង និងធ្ងន់ ហើយមានចិត្តប្រដាល់ធំថែមទៀត។ ការវាយមិនដកថយ ដោយសម្រុកចូលវាយគំរាមលើគូប្រកួតនោះជាទិចនិចដែលពុទ្ធ ឆាយរិទ្ធីគេធ្លាប់ប្រើបានផលជាញឹកញាប់។ តែយ៉ាងណាបើទោះជាពុទ្ធ ឆាយរិទ្ធី គេមានស្នៀតប្រកួតនិងផ្លែក្នុងការវាយចេញល្អគឺខ្លាំងទាំងជើងនិងកណ្តាប់ដៃ យ៉ាងណាក៍ដោយប៉ុន្តែគេអន់ខាងកម្លាំងស៊ុហ្វផងដែរ។ ចាំមើលរវាងធើន ធារ៉ា និងពុទ្ធ ឆាយរិទ្ធី នរណាជាអ្នកឈ្នះ?។
ចំណែកកីឡាករឡុង ជិន ឡើងតតាំងនិងកីឡាករសូត្រ វាសនា ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម។ កីឡាករឡុង ជិន ជាអ្នកប្រដាល់មានស្នៀតប្រដាល់ល្អ វាយចេញចូលលឿន និងរហ័ស និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ។ មួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿន និងមានផ្លែល្អថែមទៀត។
ដោយឡែកកីឡាករសូត្រ វាសនា គេមានស្នៀតកណ្តាប់ដៃ និងកែងវាយចេញបានល្អ វាយមួយៗមែនតែចំគោលដៅ ពិសេសស្នៀតទាត់ផ្កាប់ចាន និងជើងធាក់កណ្តាលមុខគូប្រកួត។ កីឡាកររូបនេះវ័យក្មេងមែនតែវាយមិនងាយច្រឡោតជាមួយគូប្រកួតនោះទេ ហើយវាយមិនមើលស្រាលដៃគូឡើយ តែយ៉ាងណាការប្រកួតដែលគេមើលថាអាចផ្តួលបានគឺគេមិនប្រោសនោះទេ។ ចាំមើលរវាងកីឡាករសូត្រ វាសនា និងកីឡាករឡុង ជិន នរណាជាអ្នកឈ្នះ?៕