បរទេស៖ ប្រជាពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ នៅតែបន្ដធ្វើចេញមកតាមដងផ្លូវ បន្ដធ្វើបាតុកម្ម ប្រឆាំងនឹងការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសនេះ បើទោះជាមានការបង្ក្រាបពីកងកម្លាំងរបស់មេដឹកនាំរដ្ឋប្រហារ លោកឧត្ដមសេនីយ៍ មិន អ៊ុងឡាំងក៏ដោយ។
ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិនយោបាយកាន់តែធ្ងន់ធ្ងរទៅ ក្រោយពេលមេទ័ពកំពូល លោកឧត្ដមសេនីយ៍ មិន អ៊ុងឡាំង ដឹកនាំធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងមន្រ្ដីរដ្ឋាភិបាលស៊ីវិល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ចាប់តាំងពីពេលនោះមក ប្រជាពលរដ្ឋភូមា រួមមាន ក្រុមវេជ្ជបណ្ឌិត សាស្រ្ដាចារ្យ ព្រះសង្ឃ សិស្ស និស្សិត និងមន្រ្ដីរដ្ឋការ បានចេញមកតាមដងផ្លូវ ពាសពេញប្រទេស នាំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងការធ្វើរដ្ឋប្រហារយោធានេះ។
បើតាមបណ្ដាញផ្សព្វផ្សាយរបស់រដ្ឋ និងបណ្ដាញផ្សព្វផ្សាយឯករាជ្យ បានផ្សាយថា ក្រោយពេលធ្វើបាតុកម្ម អស់រយៈពេល១ខែកន្លងមកនេះ កងកម្លាំងប្រដាប់អាវុធ ក្រោមបញ្ជារបស់មេដឹកនាំរដ្ឋប្រហារយោធា បានចេញមកបង្រ្កាប និងបាញ់គ្រាប់ពិតដល់ហ្វូងបាតុករ បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់១៨នាក់ស្លាប់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។
បណ្ដាញផ្សព្វផ្សាយដដែល បានបន្ដថា ថ្វីបើអាជ្ញាធរមីយ៉ាន់ម៉ា បានប្រើប្រាស់កាំភ្លើង បាញ់គ្រាប់ពិតទៅលើហ្វូងបាតុករ បណ្ដាលឲ្យស្លាប់យ៉ាងនេះក្ដី ប៉ុន្ដែកាលពីថ្ងៃទី១ ខែមីនា ប្រជាពលរដ្ឋភូមា កាន់តែច្រើនឡើង បានចេញមកតាមដងផ្លូវ ធ្វើបាតុកម្មប្រឆាំងនឹងអំពើហិង្សារបស់ក្រុមមេដឹកនាំរដ្ឋប្រហារនេះ។
ជាមួយគ្នានេះដែរ មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបណ្ដេញចេញពីអំណាច លោកស្រី អ៊ុន សានស៊ូជី (Aung San Suu Kyi) បានបង្ហាញមុខ នៅក្នុងសវនាការរបស់តុលាការតាមអនឡាញ ដែលបានធ្វើឡើង កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។ លោកស្រី ត្រូវបានក្រុមយោធាចាប់ឃុំខ្លួន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការចោទប្រកាន ពីបទនាំចូលវិទ្យុទាក់ទងដោយ ខុសច្បាប់ និងប្រើប្រាស់ដោយគ្មានការអនុញ្ញាត។ ដោយឡែកមេធាវីរបស់លោកស្រី ក៏ត្រូវបានចោទប្រកាន់អំពីការផ្សព្វផ្សាយព័ត៌មាន នាំឲ្យមានភាពវឹកវរ នៅក្នុងសង្គមផងដែរ។
ក្រោយពេលមានការធ្វើរដ្ឋប្រហារយោធា និងបង្ក្រាបទៅលើក្រុមបាតុករ បណ្ដាលឲ្យមនុស្សយ៉ាងតិច១៨នាក់ស្លាប់នោះមក អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក បានថ្កោលទោសយ៉ាងខ្លាំង និងជំរុញឲ្យសហគមន៍អន្ដរជាតិ បង្កើនសកម្មភាពរបស់ពួកគេដាក់សម្ពាធកាន់តែខ្លាំងក្លាឡើងទៅលើមេដឹកនាំយោធាភូមា រហូតទាល់តែប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិលវិញ៕