ភ្នំពេញ៖. ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយឡានធំ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយតៃកុងគៀបជាប់ក្នុងឡាន រងរបួសធ្ងន់ធ្ងរ ត្រូវបានជួយសង្គ្រោះជាបន្ទាន់ ។
ក្រោយកើតហេតុ ភ្លាមៗនោះក្រុមសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០កំពុង បញ្ចេញ រថយន្ត គាស់និងកាត់ដែក ដេីម្បីជួយសង្គ្រោះតៃកុងដែលគៀបជាប់ខាងក្នុង រថយន្តដឹកថ្មគ្រួសតូចៗ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តដឹកថ្មគ្រួសតូចៗ បើកលឿនទៅបុករថយន្តដឹកមេសុីម៉ងត៏ពេញទំហឹង បណ្តាលឲ្យក្រឡាប់ធ្លាក់ផ្លូវ គៀបជាប់តៃកុងម្នាក់ នេះបេីតាមសេចក្ដីរាយការណ៍របស់ក្រុមសង្គ្រោះ៧១១ ហេតុការណ៏នេះកើតឡើងនៅវេលា ម៉ោង៣និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១ ខែមិនា ឆ្នាំ២០២១ត្រង់ចំណុចខាងត្បូងសាលាកូរ៉េ ប្រមាណ៥០ម៉ែត្រ ក្នុងភូមិភ្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ ។
តាមប្រភពឲ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកមេស៊ីម៉ងត៍ ចតលើចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវ វិមានឈ្នះឈ្នះ បែរក្បាល ទៅទិសខាងជើង ខណ:កំពុងតែចត ក៏ស្រាប់តែមាន រថយន្តដឹកថ្ម មកពីត្បូង ក្នុងល្បឿនលឿន ជ្រុលមកបុក រថយន្តក្រឡុកស៊ីម៉ងត៍ផ្នែកខាងក្រោយ ចំហៀងខាងឆ្វេងរួចរ៉េទៅ បុកចូលមុខផ្ទះប្រជាពលរដ្ឋ ធ្លាក់ចូលប្រឡាយ លូទឹកស្អុយ ក្រឡាប់ផ្ងារមួយចំហៀងតែម្ដង ។
អ្នករងរបួសមានឈ្មោះ សូរ ភាព ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ចំណែកអ្នកបើកបរ មិនស្គាល់ឈ្មោះ( កៀបជាប់កាប៊ីនរបួសធ្ងន់ ) បើករថយន្តដឹកថ្ម ក្បាលពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3F-3040 ទៅបុករថយន្តដឹក មេសុីម៉ងត៍ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3A-8556 អ្នកបើកគចខ្លួនបាត់។
ភ្លាមៗ ស្រ្តីម្នាក់ត្រូវបាន ប្រជាពលរដ្ឋ ទាញចេញពីកាប៊ីនរថយន្តដឹកថ្ម យកទៅសង្គ្រោះ ចំណែកតៃកុង គៀបជាប់នៅក្នុងរថយន្ត ត្រូវបានក្រុម711 កងពលតូច ង70 ផ្នែកសង្គ្រោះបន្ទាន់ មកកាត់ដែក យកតៃកុងទៅសង្គ្រោះ នៅឯមន្ទីរពេទ្យ ផងដែរ ។ ក្រោយកើតហេតុនសមត្ថកិច្ច វាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ផ្លូវគោក នៃស្នងការនគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ៕