បរទេស៖ មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានព្រមានបិទស្ថាប័នសារព័ត៌មានក្នុងស្រុងទាំងអស់ ប្រសិនបើអ្នកកាសែតទាំងនោះ នៅតែបន្ដហៅរដ្ឋាភិបាលមីយ៉ាន់ម៉ាថា «រដ្ឋាភិបាលយោធា» ឬ «របបសឹក»។
ក្រសួងព័ត៌មានមីយ៉ាន់ម៉ា បានផ្ញើសេចក្តីបង្គាប់ម្តងរួចមកហើយ ដោយទាមទារឲ្យស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ មិនអនុញ្ញាតឱ្យប្រើប្រាស់ពាក្យ «រដ្ឋាភិបាលយោធា ឬ របបយោធា» លើក្រុមប្រឹក្សារដ្ឋថ្មី ដែលត្រូវបានតែងតាំងដោយយោធា បន្ទាប់ពីដកហូតអំណាចពីរដ្ឋាភិបាលស៊ីវិលនោះឡើយ។ ប៉ុន្តែទោះជាមានការហាមប្រាមបែបនេះក្ដី ក៏ប្រព័ន្ធផ្សព្វផ្សាយនានា នៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្ដប្រើពាក្យនេះដដែល។
លោកឧត្តមសេនីយ៍ មីន អ៊ុងឡាំង (Min Aung Hlaing) កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានព្រមានថា លោកនឹងបញ្ជាឲ្យបិទស្ថាប័នសារព័ត៌មានក្នុងស្រុកទាំងអស់ ប្រសិនបើពួកគេនៅតែហៅរដ្ឋាភិបាលរបស់លោក ជារដ្ឋាភិបាលយោធា ឬរបបសឹក។ ការព្រមានបែបនេះ ធ្វើឲ្យអ្នកសារព័ត៌មានមីយ៉ាន់ម៉ា (ភូមា) ចាត់ទុកថា នេះជាសកម្មភាពប៉ុនប៉ងបំបិទការរាយការណ៍ពិត នៅក្នុងប្រទេសនេះ។ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ារូប បានលើកឡើងថា វិធានការមួយចំនួន ត្រូវដាក់ចេញលើស្ថាប័នសារព័ត៌មាន ដោយផ្អែកតាមក្រមសីលធម៌សារព័ត៌មាន និងការតាមដានពីក្រុមប្រឹក្សាសារព័ត៌មានរបស់មីយ៉ាន់ម៉ា។
មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា បានបបញ្ជាក់ថា លោកនឹងមានចំណាត់ការ និងអនុវត្តលើអ្នកបំពាន ដែលបន្តហៅរដ្ឋាភិបាលថ្មី ជារដ្ឋាភិបាលយោធា។ រដ្ឋាភិបាលថ្មីរបស់ភូមានឹងដកដកហូតអាជ្ញាប័ណ្ណ ដោយមិនឱ្យផ្សព្វផ្សាយបន្ដទៀត។
ការព្រមានរបស់ឧត្តមសេនីយ៍ មីន អ៊ុងឡាំង បានធ្វើឱ្យអ្នកសារព័ត៌មានមីយ៉ាន់ម៉ាជាច្រើនរូប មិនពេញចិត្ត។ ជាមួយគ្នានេះដែរ និពន្ធនាយកស្តីទីរបស់សារព័ត៌មាន Myanmar Times បានប្រាប់សារព័ត៌មានក្នុងស្រុក The Irrawaddy ថា៖ ការព្រមានរបស់ក្រុមយោធា គឺជាការប៉ុនប៉ងបំបិទព័ត៌មានមិនពិត នៅក្នុងប្រទេស។ សកម្មភាពបែបនេះនឹងធ្វើឱ្យស្ថានភាព នៅមីយ៉ាន់ម៉ាកាន់តែអាក្រក់ឡើងថែមទៀត។ ចំណែកសារព័ត៌មាន Mizzima បានអះអាងថា ខ្លួននឹងនៅតែបន្តប្រើប្រាស់ ក្រុមប្រឹក្សាយោធា រដ្ឋាភិបាលយោធា ឬរបបសឹកដដែល បើទោះជាមានការព្រមានយ៉ាងណាក្ដី៕