ខេត្តសៀមរាប៖ រថយន្ដមួយគ្រឿងបានដឹកសុនខ (ឆ្កែ) ចំនួន៦១ក្បាល បម្រុងយកទៅសម្លាប់ ដើម្បីពន្លះយកសាច់លក់ នៅតាមតំបន់ផ្សេងៗ តែត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ស្ទាក់ចាប់បាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ។
មន្រ្ដីមន្ទីរកសិកម្មខេត្តសៀមរាបបានឲ្យដឹងថា ក្រោយពេលបង្ក្រាបនោះមក ឃើញថា ឆ្កែទាំង ៦១ក្បាលទាំងនេះ មានកម្លាំងចុះខ្សោយ និងខ្សោះជាតិទឹកយ៉ាងខ្លាំង។ បើតាមការពិនិត្យមើល សត្វទាំងនេះទំនងជាគ្មានអ្វីស៊ី និងអត់ទឹកផឹកអស់ជាច្រើនថ្ងៃហើយ។
ក្រោយពេលបង្ក្រាប អង្គការ FOUR PAWS និងដៃគូរបស់ខ្លួន កំពុងផ្ដល់នូវការថែទាំងព្យាបាលបន្ទាន់ ទាំងអាហារ និងស្វែងរកកន្លែងសមរម្យណាមួយ សម្រាប់ឆ្កែទាំងនេះរស់នៅមានសុវត្ថិភាព និងធ្វើឲ្យពួកវាឆាប់ជាសះស្បើយឡើងវិញ។
ការជួញដូរសាច់ឆ្កែ មានការពាក់ព័ន្ធនឹងអំពើឃោរឃៅ ដែលនឹកស្មានមិនដល់ ហើយវាថែមទាំងបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពមនុស្សទៀតផង៕