ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែង ក្នុងដំណើរចុះពិនិត្យ មើលស្ថានភាពជាក់ស្ដែងជុំវិញការអភិវឌ្ឍនិងហេដ្ឋារចនាសម្ព័ន្ធនានានៅលើកោះនរា នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា អាជ្ញាធរគ្រោងដាក់សាឡង់ឆ្លងយានយន្តនានា ចេញពីកោះពេជ្រទៅកាន់កោះនរា ខណៈដែលស្ពានតភ្ជាប់ពីកោះពេជ្រមកកាន់កោះនរា បានកំពុងសាងសង់យ៉ាងមមាញឹក។ ហើយរដ្ឋបាលរាជធានីក៏គ្រោងនសាងសង់ស្ពាន១ទៀតនៅភាគខាងត្បូងផ្លូវជាតិលេខ១ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា ដើម្បីដោះស្រាយការកកស្ទះនៅលើកំណាត់ផ្លូវជាតិលេខ១ ខណៈកំណាត់ផ្លូវនេះចរាចរណ៍មមាញឹកខ្លាំង រដ្ឋបាលរាជធានីភ្នំពេញនឹងខ្ចីដីកោះនរា ដាក់សាឡង់ដើម្បីឆ្លងយានយន្តនានាចេញពីកោះពេជ្រមកកាន់កោះនរា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅផ្លូវជាតិលេខ១។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម ឃួង ស្រេងមិនបានកំណត់ថានឹងចាប់ផ្ដើមដំណើរការនៃការបើកឲ្យដំណើរការនៃការដាក់សាឡង់ឆ្លងយានយន្តនេះនៅពេលណានោះទេ៕