ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តីក្រសួងសុខាភិបាល និងនគរបាលកាំកុងត្រូល និងកម្លាំងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមទាំងសមត្ថកិច្ចមូលដ្ឋាននគរបាលខណ្ឌទួលគោក ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ចុះបង្ក្រាបទីតាំងស្តុកឱសថនិងផលិតផលក្លែងក្លាយខុសច្បាប់
មួយកន្លែងដោយរកឃើញឱសថថ្នាំពេទ្យចំនួន ៥មុខដែលនាំចូលពីប្រទេសវៀតណារួមទាំងផលិតផលជាច្រើនទៀតដែលនាំចូលមកស្តុកក្នុងផ្ទះល្វែងមួយកន្លែងស្ថិតនៅផ្ទះលេខ៣៦
ផ្លូវលេខ៦៥៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាបវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១
បើតាមប្រភពពីនគរបាលសេដ្ឋកិច្ចបានបង្ហើបឲ្យដឹងថាមត្ថកិច្ចបានចុះឆែកទីតាំងឱសថក្លែងក្លាយដែលនាំចូលពីវៀតណាមខុសច្បាប់មួយនេះ មិនត្រឹមតែស្តុឱសថក្លែងក្លាយប៉ុណ្ណោះទេ ថែមទាំងជាទីតាំងស្តុកនូវផលិតផលក្លែងក្លាយមួយចំនួនទៀតផងដែរ ដែលកម្លាំងសមត្ថកិច្ចចម្រុះបានរកឃើញផលិតផលឱសថក្លែងក្លាយជាច្រើនមុខសរុបចំនួន១៤៤កេះ។
ក្រោយពីត្រួតពិនិត្យរួចវេលាម៉ោង៧និង៣០នាទីយប់កម្លាំងសមត្ថកិច្ចបានដកហូតរថយន្តម៉ាកព្រូសពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BK- 4424និងឃាត់ខ្លួនមនុស្សម្នាក់នាំទៅសាកសួរបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញដើម្បីបន្តស្រាវជ្រាវរកម្ចាស់ទីតាំងមកដោះស្រាយតាមផ្លូវច្បាប់ចំណែកផលិតផលដែលជាវត្ថុតាង
ត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការស្រាវជ្រាវពិនិត្យទៅលើផលិតផលទាំងនោះ ។