ភ្នំពេញ៖ បច្ចុប្បន្ននេះមានសត្វរំពេទន្លេ សរុប៦៨ក្បាល កំពុងតែបង្ហាញខ្លួន នៅតាមតំបន់ទន្លេមេគង្គ រវាងខេត្តក្រចេះ ស្ទឹងត្រែង និងតំបន់ព្រំប្រទល់ រវាងប្រទេសកម្ពុជា-ឡាវ នាក្នុងដើមខែកុម្ភៈ ឆ្នាំ២០២១។
បើតាមហ្វេសប៊ុករបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្របានរកឃើញវត្តមានរបស់សត្វរំពេទន្លេដ៏អស្ចារ្យទាំងនេះ ខណៈពួកវាកំពុងតែប្រើប្រាស់ថ្មប៉ប្រះទឹក ធ្វើជាទ្រនំ សម្រាប់ចាប់ត្រី។ រីឯសត្វរំពេខ្លះទៀត កំពុងតែហើរក្រឡឹងចុះឡើង តាមឆ្នេរខ្សាច់ ដែលជាទីជម្រកធម្មជាតិរបស់ពួកវា ដើម្បីបន្តពូជ ព្រោះនៅពេលនេះ ជារដូវបន្តពូជរបស់សត្វរំពេទន្លេ។
លោក អៀម សំអ៊ន់ អ្នកទទួលបន្ទុកផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះ ប្រចាំតំបន់ទន្លេមេគង្គ នៃអង្គការ WWF បានថ្លែងថា «សត្វរំពេទន្លេ ជាប្រភេទបក្សីមានមាឌមធ្យម មានកន្ទុយចំពាម ក្បាលខ្មៅ ពោះស។ ភាគច្រើន សត្វរំពេត្រូវបានគេប្រទះឃើញ នៅក្នុងរដូវកាលបន្តពូជរបស់ពួកវា ដែលចាប់ផ្តើម ចន្លោះពីខែមករាដល់ខែឧសភា»។
អ្នកទទួលបន្ទុកផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះរូបនេះ បានបន្ថែមទៀតថា «ចំនួនសត្វរំពេទន្លេ ដែលត្រូវបានគេប្រទះឃើញ នាពេលនេះ មានចំនួនច្រើនជាងចំនួន ដែលបានប្រទះឃើញ កាលពីឆ្នាំមុន ដែលពេលនោឃើញសត្វរំពេទន្លេមានតែ៦៤ក្បាលប៉ុណ្ណោះ»។
អ្នកទទួលបន្ទុកផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះរូបនេះ បានបន្ដថា ចំនួនបក្សីនាពេលនេះមានកំណើនទ្វេដង ក្នុងរយៈពេលប្រាំឆ្នាំ ដោយវាកើនពី៣១ក្បាល នៅក្នុងឆ្នាំ២០១៦ ដល់ ៦៨ក្បាល ក្នុងដើមឆ្នាំ២០២១។ សត្វរំពេទន្លេ ជាប្រភេទបក្សីមួយដ៏កម្របំផុត នៅក្នុងចំណោមប្រភេទបក្សីកម្រផ្សេងៗទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងប្រទេសកម្ពុជា សត្វរំពេទន្លេបានធ្លាក់ចុះ ប្រហែល៨០% ក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ ដោយចំនួនប៉ាន់ប្រមាណ សរុបទូទាំងប្រទេស មានចន្លោះពី ៥៤ ដល់ ៦២ ក្បាលប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨។ បក្សីប្រភេទនេះ ក៏ស្ថិតក្នុងបញ្ជីក្រហម នៃប្រភេទសត្វ «ងាយរងគ្រោះ»ផងដែរ៕