បរទេស៖ ដោយសារតែ នៅក្នុងសហរដ្ឋអាមេរិក មានអនុញ្ញាតឲ្យប្រជាពលរដ្ឋមានសិទ្ធិប្រើប្រាស់អាវុធ ទើបជាឱកាសដ៏ល្អសម្រាប់ជនល្មើសយកអាវុធទាំងនោះ ទៅបាញ់ប្រហារលើប្រជាពលរដ្ឋស្លូតត្រង់ ទើបលោកប្រធានាធិបតីសហរដ្ឋអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) ជំរុញឲ្យសភាទាំងពីររបស់ប្រទេសមហាអំណាចមួយនេះ បង្កើតច្បាប់គ្រប់គ្រងអាវុធទាំងនោះឡើងវិញ។
លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងថា លោកសូមអំពាវនាវឱ្យរដ្ឋសភា និងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក អនុម័តលើការធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងអាវុធ ប្រកបដោយសុភវិនិច្ឆ័យ។
បើតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ របស់ចិន បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានជំរុញឲ្យសភាទាំង២របស់អាមេរិក អនុម័តច្បាប់នោះ បានកើតឡើងកាលពីថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ (ពេលវេលានៅវ៉ាស៊ីនតោន សហរដ្ឋអាមេរិក)។ នេះជាវេលាត្រូវនឹងថ្ងៃខួបលើកទី៣នៃការបាញ់ប្រហារយ៉ាងរង្គាល នៅក្នុងវិទ្យាល័យម៉ាចូរី ស្តូនមែន ដូកក្លាស (Marjory Stoneman Douglas) ស្ថិតក្នុងទីក្រុង ផាកឡេនដ៍ (Parkland) រដ្ឋផ្ល័ររីដា (Florida) សហរដ្ឋអាមេរិក។
លោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកថា «នៅថ្ងៃនេះ ខ្ញុំសូមអំពាវនាវឱ្យសភាទាំង២របស់សហរដ្ឋអាមេរិក អនុម័តលើកំណែទម្រង់ច្បាប់ស្ដីអំពីការគ្រប់គ្រងអាវុធប្រកបដោយសុភវិនិច្ឆ័យ ដោយរួមទាំងការត្រួតពិនិត្យប្រវត្តិបុគ្គល, ហាមឃាត់កាំភ្លើងដែលមានសមត្ថភាពខ្ពស់…ជាដើម។ ជាមួយគ្នានេះ រដ្ឋបាលរបស់លោកក៏មិនរង់ចាំរហូតដល់មានការបាញ់ប្រហារលើមនុស្សយ៉ាងរង្គាលជាថ្មី ទើបលោកអំពាវនាវបង្កើនច្បាប់នេះឡើងដែរ»។
សូមជម្រាបថា ការបាញ់ប្រហារយ៉ាងរង្គាល នៅឯវិទ្យាល័យ Marjory Stoneman Douglas ស្ថិតក្នុងទីក្រុង Parkland រដ្ឋ Florida នោះ បានកើតឡើង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានសម្លាប់មនុស្សចំនួន១៧នាក់។ ការបាញ់សម្លាប់មនុស្សយ៉ាងរង្គាលនេះបានជំរុញសភាមានការដេញដោលគ្នាកាន់តែខ្លាំងឡើង ជុំវិញកំណែទម្រង់ច្បាប់ ស្ដីពីគ្រប់គ្រងអាវុធ នៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីពេលនោះមក៕