បរទេស៖ ក្រោយពេលមានរដ្ឋប្រហារយោធា និងចាប់ឃុំខ្លួនលោកស្រី អ៊ុង សាន់ស៊ូជី និងអ្នកនយោបាយជាច្រើននាក់របស់ភូមានោះមក ប្រធានាធិបតីអាមេរិក បានប្រកាស កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មកាន់តែខ្លាំងក្លាឡើង ប្រឆាំងនឹងក្រុមមេដឹកនាំរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាម៉ា។
លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីអាមេរិក បានប្រកាសថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើមេដឹកនាំធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ សហរដ្ឋអាមេរិកសូមសម្តែងការគាំទ្រ ចំពោះប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលបានចេញមុខមកតាមដងផ្លូវ តវ៉ាប្រឆាំងនឹងការធ្វើរដ្ឋប្រហារយោធា បណ្ដេញគណបក្សជាប់ឆ្នោត នៅក្នុងប្រទេសនេះ ចេញពីតំណែង ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងអ្នកនយោបាយជាច្រើននាក់ទៀត។
លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា លោកបានចេញបទបញ្ជា អាចអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មជាបន្ទាន់ ប្រឆាំងនឹងមេដឹកនាំរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ បទបញ្ជានេះនឹងត្រូវគ្របដណ្ដប់ទៅលើផលប្រយោជន៍អាជីវកម្មរបស់ពួកគេ ក៏ដូចជា សមាជិកគ្រួសារដ៏ជិតស្និទ្ធរបស់ពួកគេផងដែរ។ បទបញ្ជារបស់លោកនឹងបង្កដល់ទ្រព្យសម្បត្ដិរបស់ក្រុមឧត្ដមសេនីយ៍របស់ប្រទេសមីយ៉ាន់ម៉ា ដែលមានតម្លៃប្រហែល១ពាន់លានដុល្លារ នៅលើទឹកដីសហរដ្ឋអាមេរិក។
បើតាមសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា រហូតមកដល់ពេលនេះ ក្រុមគ្រូបង្រៀនកំពុងតែប្រមូលផ្តុំគ្នា ដើរដង្ហែក្បូនតវ៉ា នៅតាមដងផ្លូវធំៗ ប្រឆាំងនឹងមេដឹកនាំរដ្ឋប្រហារយោធា ហើយទាមទារឲ្យដោះលែងលោកស្រី អ៊ុង សានស៊ូជី និងមន្រ្ដីមន្រ្ដីជាន់ខ្ពស់ជាច្រើនរូបទៀត។
ការផ្ទុះបាតុកម្មឡើងនេះ បានកើតឡើង ក្រោយពេលមេដឹកនាំយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារ ទម្លាក់គណបក្សឈ្នះឆ្នោតរបស់លោកស្រី អ៊ុង សាន់ស៊ូជី ហើយចាប់ឃុំខ្លួនលោកស្រី និងមន្រ្ដីជាន់ខ្ពស់ជាច្រើនទៀត។ ក្រុមបាតុករ រូមមាន ក្រុមគ្រូពេទ្យ គ្រូបង្រៀន សិស្ស និស្សិត និងព្រះសង្ឃភូមា បានកាន់ទង់ព្រះពុទ្ធសាសនា និងកាន់បដា លើកសញ្ញាម្រាមដៃបី ដែលជានិមិត្តរូប ប្រឆាំងនឹងរដ្ឋប្រហារ និងមានកាន់ទង់របស់បក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD)។
សូមជម្រាបថា ការធ្វើរដ្ឋប្រហារយោធានេះ បានកើតឡើង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមការបញ្ជារបស់ឧត្តមសេនីយ៍ ជាន់ខ្ពស់មីន អ៊ុង លាំង។ ប៉ុន្ដែអំពើរដ្ឋប្រហារនេះ ត្រូវបានក្រុមគ្រូពេទ្យ កម្មករ គ្រូបង្រៀន និស្សិត និងប្រជាពលរដ្ឋ បានចេញមកតាមដងផ្លូវ ដើម្បីតវ៉ាប្រឆាំងនឹងមេដឹកនាំយោធា រហូតមកបង្កឲ្យមានការប៉ះទង្គិចគ្នាជាមួយប៉ូលិស និងកម្លាំងយោធារបស់មីយ៉ាន់ម៉ា៕