សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី សៀង សុភក្តិ ប្រធានក្រុមហ៊ុនគ្រឿងសំអាង វិមានរចនា ដែលបានជួយឧបត្ថម្ភ ថវិកាចំនួន ៥.០០០ដុល្លារ (ប្រាំពាន់ដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា សម្រាប់ប្រតិបត្តិការជួយដល់ប្រជាពលរដ្ឋរងគ្រោះបង្កដោយទឹកជំនន់រហ័ស ឆ្នាំ២០២០នេះ។ កាកបាទក្រហមកម្ពុជា នឹងចាត់ចែងថវិកានេះ ដើម្បីទិញស្បៀង-សម្ភារយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដោយផ្ទាល់ដៃ។
អំណោយខាងលើនេះ គឺជាសក្ខីភាពនៃទឹកចិត្តជ្រះថ្លារបស់សប្បុរសជន ដែលបានបង្ហាញពីស្មារតីនៃការចែករំលែក និងកម្លាំងសាមគ្គីគ្នារបស់ប្រជាជនខ្មែរ «ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ»។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ខែតុលា ដល់ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលរងគ្រោះដោយទឹកជំនន់បានសរុបចំនួន ២១.០២៨គ្រួសារ រស់នៅភូមិចំនួន៥៥៧ ឃុំចំនួន១៨២ ស្រុកចំនួន៥៧ និងរាជធានី-ខេត្តចំនួន១៤ (ក្នុងនោះឆ្លើយតបដោយទីស្នាក់ការថ្នាក់កណ្តាលចំនួន ១០.៩៥៥គ្រួសារ និងដោយសាខាចំនួន ១០.០៧៣គ្រួសារ)៕