ភ្នំពេញ ៖ គេសង្កេតឃើញថាមានផេកជាច្រើននៅក្នុងបណ្តាញសង្គមនាពេលបច្ចុប្បន្នកំពុងឡាយផ្ទាល់ លក់វត្ថុអនុស្សាវរីយ៍ និង វត្ថុជាច្រេីនទៀតដែលពួកគេអះអាងថាជាវត្ថុស័ក្ដិសិទ្ធិបានមកពីភ្លុកឬក៏ចង្កូម ខ្នាយ សត្វព្រៃ ជាច្រេីនប្រភេទដែលប្រជាពលរដ្ឋខ្មែរយេីងជឿថាជាវត្ថុដែលជួយការពារអោយពួកគេចផុត ពីគ្រោះចង្រៃផ្សេងៗ។
ពាក់ព័ន្ធករណីខាងលើនេះកាលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កន្លងទៅឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខា ធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងគូសបញ្ជាក់ថា «ក្រសួងបរិស្ថានបានចេញលិខិតជូនដំណឹងទៅម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ដែលសង្ស័យថាអាចមានការលក់ដូរគ្រឿងចម្លាក់ធ្វើពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃត្រូវបញ្ឈប់ជាបន្ទាន់ ព្រោះខុសនឹងច្បាប់ព្រៃឈើត្រង់មាត្រា ៩៧ (ចំណុចទី១០) និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ត្រង់មាត្រា ៥៩ (ចំណុចទី៥)។ ប្រសិនបើម្ចាស់អាជីវកម្មដ្ឋាន មានលាក់ទុកឬលក់វត្ថុអនុស្សាវរីយ៍ធ្វើពីភ្លុកដំរី និងកុយរមាសនេះសូមប្រគល់ជូនដល់សមត្ថកិច្ច ហើយ បើប្រសិនបើសមត្ថកិច្ចរកឃើញនិងចាប់បាននឹងចាត់វិធានការចំពោះជនល្មើសតាមច្បាប់ជាចាំបាច់»។ ឯកឧត្តមបានបន្តថា ចំពោះវិធានការអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរវត្ថុអនុស្សាវរីយ៍ជាគ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាស ឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធនឹងសត្វព្រៃដែលកំពុងកើតមាននៅលើទឹកដីកម្ពុជា។ ជាជំហានដំបូង ក្រសួងបរិស្ថានបានជូនដំណឹងរួចហើយដល់ម្ចាស់អាជីវកម្មដ្ឋានលក់វត្ថុអនុស្សាវរីយ៍ចំនួន ៣២កន្លែងនៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុថា ការធ្វើពាណិជ្ជកម្មគ្រប់រូបភាពលើភ្លុកដំរី និងកុយរមាសគឺជាអំពើខុសច្បាប់។ ជំហានបន្ទាប់ ក្រសួងបរិស្ថាននឹងជូនដំណឹងដល់ម្ចាស់អាជីវកម្មដ្ឋានពាក់ព័ន្ធនឹងការលក់វត្ថុអនុស្សាវរីយ៍ជាគ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាសឬធ្វើពាណិជ្ជកម្មក្នុងរូបភាពផ្សេងទៀតពាក់ព័ន្ធសត្វព្រៃនៅក្នុងរាជធានីភ្នំពេញ និងនៅខេត្តមួយចំនួនទៀត។
ប្រភពដដែលបានបន្តថា ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានឱ្យដឹងថា ការជូនដំណឹងដល់ម្ចាស់អាជីវកម្ម ដ្ឋាន ពីការជួញដូរសត្វព្រៃខុសច្បាប់ទាំងអស់នេះ ធ្វើឡើងបន្ទាប់ពីរបាយការណ៍អង្កេតស្រាវ ជ្រាវយ៉ាងដិតដល់របស់កម្លាំងមានសមត្ថកិច្ចនាពេលថ្មីៗនេះ បានបង្ហាញថា ហាងលក់វត្ថុអនុស្សាវរីយ៍មួយចំនួនមានលក់គ្រឿងចម្លាក់ពីភ្លុកដំរី និងកុយរមាស ដែលច្បាប់ហាមឃាត់។ ការធ្វើពាណិជ្ជកម្មដូចជាការលក់ នាំចូល និងនាំចេញនូវទំនិញដូចបានបញ្ជាក់ជូនខាងលើ គឺជាបទល្មើសព្រហ្មទណ្ឌដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្ម ដូចមានចែងនៅក្នុងច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ជាងនេះទៀត ការកើតមាននូវសកម្មភាពទាំងនេះនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នឹងជះឥទ្ធិពលអវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋសមាជិកនៃអនុសញ្ញា ស្តីពីការធ្វើពាណិជ្ជកម្មអន្តរជាតិ លើប្រភេទសត្វព្រៃ និងរុក្ខជាតិកំពុងរងគ្រោះថ្នាក់ ក៏ដូចជាធ្វើឱ្យខូចកិត្តិស័ព្ទរបស់កម្ពុជាលើឆាកអន្តរជាតិ។សកម្មភាពទាំងនេះត្រូវប្រឈមនឹងការអនុវត្តច្បាប់ដ៏តឹងរឹងបំផុត។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការចេញលិខិតជូនដំណឹងនេះដើម្បីណែនាំដល់ម្ចាស់អាជីវកម្មទាំងឡាយ ឱ្យបញ្ឈប់ជាបន្ទាន់នូវការជួញដូរសត្វព្រៃខុសច្បាប់នេះ និងការពង្រឹងបន្ថែមនូវការអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសដើម្បីលុបបំបាត់ការជួញដូរសត្វព្រៃគ្រប់រូបភាពទាំងអស់ ទាំងកន្លែងកែច្នៃ និងកន្លែងលក់។
ឯកឧត្តមបានថ្លែងថា កម្ពុជាក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ គឺត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាលក្ខណៈអន្តរជាតិជាមួយប្រទេសទាំងអស់ ក្នុងការអភិរក្សធន ធានធម្មជាតិ និងទប់ស្កាត់ ក៏ដូចជាប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់។ កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការការប្រយុទ្ធប្រឆាំងនឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយកម្ពុជាក៏បានសហការក្នុងនាម ជាដៃគូអន្តរជាតិនានាក្នុងការទប់ស្កាត់ បង្ការ និងបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ផងដែរនៅលើពិភពលោក។ ឯកឧត្តម បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាមានការតាំងចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ ។ គ្រប់ភាគីពាក់ព័ន្ធត្រូវធ្វើការងាររួមគ្នាដើម្បីលុបបំបាត់ការជួញដូរខុសច្បាប់នេះ។ កម្ពុជាបានរៀបចំយន្តការ ក៏ដូចជាមានច្បាប់ និងអនុវត្តន៍ជាប្រចាំដើម្បីបង្ការ ទប់ស្កាត់ និងប្រឆាំងការជួញដូចសត្វព្រៃ ខុសច្បាប់នេះ ហើយបានបង្ក្រាបលើបទល្មើសជាច្រើន ព្រមទាំងបានរំដោះសត្វព្រៃជាច្រើនចេញពីក្រញាំដៃនៃក្រុមជនល្មើស ព្រមទាំងបានចាប់ខ្លួន បញ្ជូនសំណុំរឿងទៅតុលាការផ្តន្ទាទោសតាមច្បាប់ ក៏ដូចជាការផាកពិន័យជាប្រាក់ជាដើម។
កម្ពុជាក៏បានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងការជួញដូរសត្វព្រៃខុសច្បាប់ ហើយនាពេលថ្មីៗនេះ តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដោយបានចេញវិធានការរឹតបន្តឹងការងារទប់ស្កាត់ និងបង្ក្រាបការនាំចូល ការនាំចេញ និងការឆ្លងកាត់នូវភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរី និងកុយរមាសខុសច្បាប់ សត្វនិងរុក្ខជាតិងាយរងគ្រោះ និងបំបែករបស់វាដទៃទៀតដែលច្បាប់ហាមឃាត់ឱ្យកាន់តែមានប្រសិទ្ធភាព ដោយដាក់ចុះនូវវិធានការចំនួន ៦ចំណុច រួមមានដូចជា ការពង្រឹងការសិក្សា វិភាគ វាយតម្លៃព័ត៌មាន ដែលមាននៅលើនិវេទន៍បណ្ណ អញ្ញត្តិបណ្ណ វិក្កយបត្រ ឬបញ្ជីវេចខ្ចប់ដើម្បីកំណត់មុខសញ្ញានៃការនាំចូល ការនាំចេញ និងការឆ្លងកាត់ខុសច្បាប់នូវទំនិញហាមឃាត់ដូចជាភ្លុកដំរី កុយរមាស គ្រឿងចម្លាក់កែច្នៃពីភ្លុកដំរី និងកុយរមាសខុសច្បាប់។ នេះជាបទល្មើសដែលត្រូវជាកម្មវត្ថុនៃចំណាត់ការផ្លូវតុលាការ។
សូមបញ្ជាក់ថា កន្លងមកអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់ឃាត់ភ្លុកដំរី កុយរមាស និងគ្រឿងចម្លាក់ពីភ្លុកដំរី កុយរមាស ដែលលួចនាំចូលក្នុងប្រទេសកម្ពុជា និងលួចនាំចេញទៅក្រៅប្រទេសជាច្រើនករណី។ យោងតាមតួលេខដែលទទួលបាន ចាប់ពីឆ្នាំ២០១៦ រហូតមកទល់នឹងចុងឆ្នាំ២០១៨ ភ្លុកដំរី និងកុយរមាសជាច្រើនពាន់ដុំមានទម្ងន់សរុបប្រមាណជាង ៥ តោន ត្រូវបានអាជ្ញាធរកម្ពុជាបង្ក្រាប។ ក្រៅពីនោះក៏មានស្រកាពង្រូល និងឆ្អឹងសត្វព្រៃផ្សេងៗទៀតដែលត្រូវបានអាជ្ញាធរបង្ក្រាបបានផងដែរ។ ប្រទេសមួយចំនួនបានស្នើសុំឱ្យមានការដុតបំផ្លាញចោលនូវវត្ថុដ៏មានតម្លៃទាំងនេះ ប៉ុន្តែកាលពីខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យសមត្ថកិច្ចត្រូវរក្សាទុកនូវភ្លុកដំរី កុយរមាស និងសំណាកសត្វកម្រដទៃទៀត ដែលកម្លាំងសមត្ថកិច្ចកម្ពុជា បង្ក្រាបបាន រក្សាទុកដើម្បីដាក់តាំងពិព័រណ៍ សម្រាប់សាធារណជនទស្សនា និងសម្រាប់បម្រើឱ្យការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រផងដែរ។ ព្រោះនេះគឺជារបស់កម្រហើយវាជារបស់ដែលវាជិតដាច់ពូជទៀតផង។ បច្ចុប្បន្ន ភ្លុកដំរី និងកុយរមាស រួមនឹងសំណាកសត្វកម្រផ្សេងទៀតត្រូវបានរក្សាទុកនៅកន្លែងដ៏មានសុវត្ថិភាពបំផុត៕