រដ្ឋធានីតែលអាវីវ៖ ប្រទេសអ៊ីស្រាអែល មានមហិច្ឆតា ពង្រឹកអំណាចឲ្យខ្លាំងក្លា នៅក្នុងតំបន់មជ្ឈិមបូព៌ា ទើបរដ្ឋាភិបាលតែលអាវីវ បានប្រឆាំងនឹងគម្រោងរបស់អាមេរិក ក្នុងការលក់យន្ដហោះចម្បាំងបំបាំង F-35 ទៅឲ្យប្រទេសកាតារ។
សារព័ត៌មានសិង្ហបុរី CAN បានផ្សាយ កាលពីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ថា លោក Eli Cohen រដ្ឋមន្រ្តីក្រសួងស៊ើបការណ៍សម្ងាត់របស់ប្រទេសអ៊ីស្រាអែល បានថ្លែងថា ប្រទេសអ៊ីស្រាអែល ប្រឆាំងដាច់ខាតចំពោះគម្រោងរបស់អាមេរិក លក់យន្តហោះចម្បាំង F-35 ឲ្យទៅប្រទេសកាតារ។ ការប្រឆាំងរបស់អ៊ីស្រាអែលនេះ បានកើតឡើង ក្រោយពេលប្រទេសកាតារ បានដាក់សំណើសុំទិញយន្ដយោះចម្បាំងដ៏ទំនើប F-35 សហរដ្ឋអាមេរិក។
ប្រទេសអ៊ីស្រាអែល មានមហិច្ឆតាពង្រឹងអំណាចឲ្យខ្លាំងក្លា នៅក្នុងតំបន់មជ្ឈិបបូព៌ា ហើយប្រើប្រាស់ឥទ្ធិពលនេះ សម្រាប់គ្របសង្កត់ទៅលើប្រទេសដទៃទៀត។ រដ្ឋមន្រ្ដីក្រសួងស៊ើបការសម្ងាត់របស់អ៊ីស្រាអែល បានស្នើដល់សហរដ្ឋអាមេរិក កុំលក់យន្ដហោះចម្បាំងបំបាំងកាយដ៏ទំនើបរបស់អាមេរិក F-35 និងគ្រឿងសឹកដ៏ទំនើបៗដទៃទៀត ដែលឡើងដោយក្រុមហ៊ុនសព្វាវុធដ៏ធំរបស់អាមេរិក Lockeed Martin ទៅឲ្យប្រទេសកាតារ។
រដ្ឋមន្រ្តីក្រសួងស៊ើបការណ៍សម្ងាត់របស់ប្រទេសអ៊ីស្រាអែល បានបញ្ជាក់ថា ជាការពិតណាស់ អ៊ីស្រាអែលបានជំទាស់នឹងគម្រោងស្នើសុំទិញគ្រឿងសឹកពីប្រទេសកាតារ ព្រោះបញ្ហានេះ គឺពាក់ព័ន្ធដល់សន្តិសុខ និងឧត្តមភាពយោធារបស់យើង នៅក្នុងតំបន់។ នេះជារឿងដ៏សំខាន់បំផុត សម្រាប់ពួកយើង ហើយតំបន់របស់យើងមិនទាន់មានសន្តិភាព និងស្ថិរភាពនៅឡើយ»។
ជានិច្ចកាល សហរដ្ឋអាមេរិកតែងតែពិគ្រោះយោបល់ជាមួយអ៊ីស្រាអែល ទាក់ទងនឹងគម្រោងលក់គ្រឿងសឹកដ៏ទំនើបៗទៅកាន់ប្រទេសដទៃទៀត នៅក្នុងតំបន់មជ្ឈិមបូព៌ា។ ប៉ុន្តែគម្រោងខ្លះក៏អាមេរិកលក់ដែរបើទោះជាមានការជំទាស់ពីប្រទេសអ៊ីស្រាអែលក្ដី៕