រដ្ឋធានីហាណូយ៖ គ្រោះទឹកជំនន់ បានវាយប្រហារទៅលើតំបន់ភាគកណ្ដាល នៃប្រទេសវៀតណាម ដោយបានបណ្ដាលឲ្យមនុស្ស១៧ស្លាប់ និងបាត់ខ្លួន១៣នាក់ ក្នុងរយៈពេលមួយសប្ដាហ៍មកនេះ ហើយគ្រោះធម្មជាតិនេះ មិនទាន់ទាំងផុតទៅផង ប៉ុន្ដែបែរជាខ្យល់ព្យុះកំណាចថ្មី កំពុងតម្រង់ទិសដៅ បោកបក់សំដៅមកលើប្រទេសនេះបន្ថែមទៀត។
សារព័ត៌មានវៀតណាម បានផ្សាយ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា គ្រោះទឹកជំនន់ បានវាយប្រហារយ៉ាងខ្លាំង នៅតំបន់ភាគកណ្ដាល នៃប្រទេសវៀតណាម ដោយបានសម្លាប់មនុស្ស ចំនួន១៧នាក់ និង១៣នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ ប៉ុន្ដែគ្រោះធម្មជាតិនេះ មិនទាន់ទាំងផុតទៅផង ស្រាប់តែខ្យល់ព្យុះកំណាចមួយទៀត កំពុងតម្រង់ទិសដៅ បោកបក់មកកាន់ប្រទេសវៀតណាមបន្ថែមទៀត។
ទូរទស្សន៍រដ្ឋវៀតណាម VTV បានរាយការណ៍ថា ក្នុងរយៈពេលបី-បួនថ្ងៃខាងមុខនេះ នឹងមានព្យុះមួយទៀត ឈ្មោះ លីនហ្វា កំពុងតែបោកបក់ សំដៅមកកាន់តំបន់ភាគកណ្តាល នៃប្រទេសវៀតណាម។ ព្យុះនេះនឹងនាំមកនូវទឹកភ្លៀង បន្ដជន់លិចតំបន់ទាំងនេះបន្ថែមទៀត។ ដូច្នេះអាជ្ញាធរត្រូវតែមានវិធានការត្រៀមខ្លួនជាមុន សម្រាប់បញ្ចៀសនូវហានិភ័យ ដែលអាចនឹងកើតឡើងជាយថាហេតុ។
បណ្ដាញទូរទស្សន៍វៀតណាម ក៏បានបង្ហាញអំពីសកម្មភាពរបស់កងឆ្មាំសមុទ្រ ប្រើប្រាស់ឧទ្ធម្ភាគចក្រ ជួយសង្រ្គោះអ្នកនេសាទ ខណៈខ្យល់ព្យុះវាយបោកបក់យ៉ាងខ្លាំងទៅលើឆ្នេរសមុទ្រ ស្ថិតក្នុងខេត្តក្វាងទ្រី នាភាគកណ្ដាលប្រទេសវៀតណាម។ គ្រោះទឹកជំនន់នេះ បានកាត់ផ្តាច់ការផ្គត់ផ្គង់ស្បៀងអាហារដល់មនុស្សរាប់ពាន់នាក់។ ជាមួយគ្នានេះ មនុស្សប្រមាណ៣១.០០០នាក់ ត្រូវរើលំនៅឋាន ហើយផ្ទះជាង៣៣.០០០ ត្រូវលិចចូលទៅក្នុងទឹក បង្កឲ្យខូចខាតផងដែរ។
ជារៀងរាល់ឆ្នាំ ប្រទេសវៀតណាមតែងតែរងគ្រោះពីខ្យល់ព្យុះ និងគ្រោះទឹកជំនន់។ កាលពីឆ្នាំកន្លងទៅ គ្រោះធម្មជាតិនេះបានសម្លាប់ពលរដ្ឋវៀតណាម អស់១៣២នាក់ និងជាង២០០នាក់រងរបួស។ ទោះជាយ៉ាងណា អាជ្ញាធរវៀតណាម មិនទាន់បានបញ្ជាក់ អំពីទំហំ នៃការខូចខាត ដោយសារទឹកជំនន់ខាងលើនេះទេ៕