រាជធានីភ្នំពេញ៖ ថៅកែហាងនំប៉ាវម្នាក់ បានទាញកាំបិតប៉័ងតោ វាយក្បាលកម្មកររបស់ខ្លួន បណ្តាលរងរបួសធ្ងន់ ហើយចាក់សោបង្ខាំងទុកនៅក្នុងបន្ទប់ ត្រូវបាននគរបាលខណ្ឌដង្កោ ចាប់បញ្ជូនទៅកាន់តុលាការកាលពីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដើម្បីចាត់ការ តាមច្បាប់។
មន្រ្ដីនគរបាលខណ្ឌដង្កោ បានឲ្យដឹងថា ជនជាប់ចោទ ជាថៅកែហាងនំប៉ាវខាងលើនេះ ឈ្មោះ សៀវ ទី ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅផ្ទះលេខ២៤០+២៤២ ផ្លូវលេខ១១ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះឈ្មោះ លី សុខខេង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករដឹកនំប៉ាវ មានលំនៅផ្ទះជួល ផ្លូវបេតុង ក្រុម ភូមិត្នោតជ្រំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្រ្ដីនគរបាលខណ្ឌដង្កោ បានបញ្ជាក់ថា កាលពីវេលាទៀបភ្លឺ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះបានជិះម៉ូតូសណ្តោងរ៉ឺម៉ក ចេញពីផ្ទះជួលរបស់ខ្លួន ទៅធ្វើការងារជាកម្មករ ដឹកនំប៉ាវនៅផ្ទះថៅកែឈ្មោះ សៀវ ទី ដូចសព្វមួយដង។ នៅពេលនេះ ថៅកែបានប្រើជនរងគ្រោះ ឲ្យយកនំប៉ាវចំនួន២៦កេស ដាក់លើរ៉ឺម៉ក ដើម្បីដឹកឲ្យភ្ញៀវ នៅតាមផ្លូវជាតិលេខ៣ ផ្លូវលេខ៤១ និង ផ្លូវជាតិលេខ៤ ជាមួយគាត់ ។ លុះពេលត្រឡប់មកដល់ផ្ទះវិញ នៅវេលាម៉ោង៣ និង២០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ថៅកែបានហៅជនរងគ្រោះឲ្យចូលមកក្នុងផ្ទះកន្លែងតុគិតលុយ រួចថៅកែបានយកបញ្ជី ដែលភ្ញៀវជំពា ក់មកសួរជនរងគ្រោះ។ បន្ទាប់មក ថៅកែបាននិយាយថា ភ្ញៀវនៅថ្នល់ទទឹងជំពាក់៤កេស តែជនរងគ្រោះនិយាយថា ភ្ញៀវនៅថ្នល់ទទឹងជំពាក់តែ៣កេសទេ ។
ប្រភពព័ត៌មានដដែល បានបន្ដថា គ្រាន់តែសម្តីបែបនេះសោះ ស្រាប់តែថៅកែគំហកដាក់ជនរងគ្រោះថា «ជនរងគ្រោះនិយាយឈ្លើយ ក៏បង្កជាទំនាស់ពាក្យសម្តី ទើបថៅកែដើរទៅយកសោចាក់ទ្វារផ្ទះ រួចហើយដើរទៅផ្ទះបាយ ទាកាំបិតប៉័ងតោ កាន់នៅនឹងដៃខាងស្តាំ ដើរសំដៅមករកជនរងគ្រោះ រួចធាក់ផង ច្រចាច់កផង និងយកកាំបិតប៉័ងតោ មកវាយចំមុខរបស់ជនរងគ្រោះ ចំនួន៤ទៅ៥កាំបិតបន្ថែមទៀត។ ប៉ុន្តែជនរងគ្រោះបានយកដៃរង ហើយថៅកែក៏ដើរទៅអង្គុយ នៅតុវិញ រួចហើយគេស្រែកសម្លុតឲ្យជនរងគ្រោះ ឲ្យទៅអង្គុយនៅលើគ្រែ ។ ពេលនោះថៅកែបានយកឧបករណ៍ផ្តាច់បារី គប់មកលើកម្មករចំដៃខាងឆ្វេង ហើយគេងើបឡើងទៅកាន់កាំបិតប៉័ងតោ មកវាយ និងកាប់ក្បាលជនរងគ្រោះ បណ្តាលបែកក្បាលផ្នែកខាងមុខ ប៉ោងក្បាល ផ្នែកខាងក្រោយ ហើមលើខ្នងដៃខាងស្តាំ និងប្រអប់ដៃទាំងសងខាង ហើយថែមទាំងឃុំជនរងគ្រោះនៅក្នុងផ្ទះ ទៀតផង ។
ប្រភពព័ត៌មានដដែល បានបន្ដថា រហូតមកដល់វេលាម៉ោង៤ និង១០នាទីរសៀល ទើបថៅកែហាងនំប៉ាវ បានចាក់សោដោះឲ្យជនរងគ្រោះចេញពីផ្ទះ។ បន្ទាប់មកជនរងគ្រោះក៏ទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ។ ក្រោយមក សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
ទោះជាយ៉ាងណា ជុំវិញករណីនេះ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីព្រលប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ថា «រឿងនេះខាងជនសង្ស័យ និងជនរងគ្រោះបានសម្របសម្រួលគ្នាចប់ហើយ»។ ប៉ុន្ដែទោះជាយ៉ាងណា ព័ត៌មានចុងក្រោយ គឺនគរបាលខណ្ឌដង្កោ បានកសាងសំណុំរឿងបញ្ជូនជនសង័្សយទៅកាន់តុលាការ កាលពីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០៕