ក្រោយជាប់បវរកញ្ញា មកឃើញថា សេង រដ្ឋា កំពុងតែទទួលបានប្រជាប្រិយភាពហើយការងារជាច្រើន។ ចុងក្រោយនេះ កញ្ញា បានសហការ ជាមួយសម្អាងការមួយចំនួន រួមគ្នាធ្វើរឿងជួយដល់សង្គម ដោយមហាជនលើកសរសើរដល់ខាងសម្អាងការ ដែលស្រឡាញ់ភាពមនុស្សធម៌។
មានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីម្ចាស់សម្អាងការមកុដមាសខ្មែរ និង ប្រណមមង្គលសម្អាងការ បានប្រកាសថា ចាប់ពីខែតុលាឆ្នាំ២០២០ នេះតទៅ សម្អាងការទាំង២ នឹងដកចំណាយ១០ភាគរយគ្រប់រោង បរិច្ចាគជួយដល់អង្គការកុមារមួយកន្លែងជាប្រចាំ ដែលមានន័យថានេះជាសម្អាងការខ្មែរទី១ ដែលហ៊ានបរិច្ចាគចំណូលគ្រប់រោងជាទៀងទាត់ ដើម្បីជាប្រយោជន៍ដល់កុមារកំព្រា។
អ្នកគាំទ្រជាច្រើនបានបន្តចែកចាយនូវការប្រកាសរបស់ម្ចាស់សម្អាងការមកុដមាសខ្មែរ បន្ទាប់ពីម្ចាស់សម្អាងការទាំងដែលមានម្ចាស់តែមួយនេះប្រកាសថាបរិច្ចាគចំណូលគ្រប់រោង ជួយដល់មណ្ឌលកុមារកំព្រាមួយកន្លែងតែម្ដង ដែលមិនខុសពីនាងបានរួមចំណែកបំផុសសកម្មភាពសប្បុរសធម៌មួយដ៏ល្អនៅក្នុងសង្គម។
ឆ្លើយតបនឹងការបង្ហោះនេះ លោកស្រី គង់ សុត្រាវី ម្ចាស់សម្អាងការមកុដមាសខ្មែរ និង ប្រណម្យមង្គលសម្អាងការ បានថ្លែងបញ្ជាក់ថា សម្អាងការរបស់លោកស្រីពិតជាសម្រេចចិត្តបរិច្ចាគប្រាក់ចំណូលគ្រប់រោងពីសម្អាងការរបស់ខ្លួនចំនួន១០ភាគរយ ជួយដល់អង្គការមួយប្រាកដមែន ដោយការបរិច្ចាគនេះ មិនគ្រាន់តែជាការប្រកាសប៉ុណ្ណោះទេ តែក៏មានកិច្ចព្រមព្រៀងជាផ្លូវការជាមួយអង្គការនោះផងដែរ។ ហេតុផលនៃការបរិច្ចាគនោះ គឺព្រោះតែលោកស្រីយល់ថា សម្អាងការលោកស្រីគួរតែបានរួមចំណែកដកប្រាក់ចំណូលជាប្រចាំជួយដល់មណ្ឌលនោះ ដើម្បីលើកទឹកចិត្តដល់ក្មេងៗដែលរស់នៅក្នុងមណ្ឌល ដែលរងការរំលោភបំពានរាងកាយទាំងឡាយ អោយមានភាពកក់ក្ដៅផង។ នេះមិនមែនជាសកម្មភាពសប្បុរសធម៌លើកដំបូងរបស់លោកស្រីនោះទេ ដោយសារតែពេលកន្លងមកលោកស្រី និងសម្អាងការលោកស្រី ក៏ធ្លាប់ធ្វើការបរិច្ចាគ និងជួយមណ្ឌលកុមារកំព្រា និង ទុរគតជនបែបនេះផងដែរ ដោយគ្រាន់តែមិនប្រកាសជួយជាលក្ខណៈទៀងទាត់បែបនេះ៕