បុរសម្នាក់បានចាប់រំលោភប្អូនថ្លៃបានសម្រេចជាបន្ដបន្ទាប់ចំនួន១០ដង ទើបបែកការដឹងដល់ប្រពន្ធ (បងស្រីរបស់ក្មេងស្រីរងគ្រោះ) ក៏ប្ដឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួន កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅជិតរបងកាស៊ីណូស្រុកភ្នំព្រឹក ស្ថិតក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹង កាលពីល្ងាច ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ មានករណីរំលោភសេពសន្ថវៈ លើអនីតិជន កើតឡើងចំនួន១លើកបង្កឡើង ដោយជនសង្ស័យ ឈ្មោះ វ៉ា សុភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ។ ប៉ុន្ដែបើតាមការសាកសួរ គឺជនសង្ស័យបានរំលោភសេពសន្ថវៈលើប្អូនថ្លៃរបស់ខ្លួនឈ្មោះ ក រ អាយុ១៤ឆ្នាំ ចំនួន១០ដងរួចមកហើយ។
បងស្រីរបស់ក្មេងស្រីរងគ្រោះ បានឲ្យដឹងថា នាងបានតាមទាន់ និងឃើញជនសង្ស័យកំពុងធ្វើសកម្មភាពមកលើកុមារីរងគ្រោះពិតប្រាកដមែន។ ក្រោយមកនាងបានរាយការណ៍ប្រាប់កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ឲ្យចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។
ជនរងគ្រោះ បានប្រាប់ថា កន្លងមក ជនសង្ស័យធ្លាប់ចាប់នាងរំលោភសេពសន្ថវៈ បានសម្រេចប្រហែលចំនួន១០ដងរួចមកហើយ។ ប៉ុន្ដែដោយសារខ្លាចជនសង្ស័យនេះធ្វើបាប ទើបនាងមិនហ៊ានប្រាប់បងស្រីរបស់ខ្លួនទេ លុះក្រោយមកទៀត ក៏បងស្រីមកទាន់តែម្ដង។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចកំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕