រាជធានីភ្នំពេញ៖ បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រទេសកម្ពុជា អាចនឹងមានភ្លៀងធ្លាក់ រាយប៉ាយពាសពេញប្រទេស ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២០។
ក្រសួងធនធានទឹក បានបញ្ជាក់ថា តាមរយៈការតាមដាន នៃការវិវឌ្ឍ និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា នៅថ្ងៃទី២៣ ខែកញ្ញា នេះ ប្រព័ន្ធសម្ពាធទាប នឹងអូសបន្លាយឆ្លងកាត់លើភាគខាងជើង នៃប្រទេសកម្ពុជា។ ស្ថានភាពបែបនេះធ្វើឱ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ចន្លោះពី ២៤-២៦°C និងសីតុណ្ហភាពអតិបរមា ចន្លោះពី ២៩-៣១°C ហើយភ្លៀងអាចនឹងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន។
ដោយឡែក បណ្ដាខេត្តនៅតាមតំបន់ជួរភ្នំដងរែក និងខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា ចន្លោះពី ២៣-២៥°C និង សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។ ភ្លៀងអាចនឹងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ រីឯបណ្តាខេត្តនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា ចន្លោះពី ២៥ -២៧°C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ហើយភ្លៀងអាចនឹងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន។
ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក អំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចកើតមានជាយថាហេតុ ជាពិសេស បណ្ដាខេត្តនៅតាមតំបន់វាលទំនាបកណ្ដាល។ ដោយឡែក ប្រជាពលរដ្ឋរស់នៅតាមតំបន់មាត់សមុទ្រ អ្នកនេសាទ និង អ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ២៤-២៧ ខែកញ្ញា ឆ្នាំ២០២០៕