បន្ទាប់ពីកើតមានអំពើឃាតកម្ម បាញ់ប្រហារទៅលើស្រ្ដីជាអ្នកមានម្នាក់ ដែលកំពុងធ្វើបុណ្យកុសល នៅក្នុងព្រះវិហារនោះមក ជនដៃដល់ ក៏ត្រូវប៉ូលិសឃាត់ខ្លួន នៅរសៀលថ្ងៃកើតហេតុ។ អំពើឃាតកម្មនេះ បានកើតឡើង កាលពីព្រឹក ថ្ងៃទី២១ ខែកញ្ញា នៅក្នុងព្រះវិហារមួយកន្លែង ស្ថិតក្នុងខណ្ឌ Bang Khae ទីក្រុងបាងកក។
បើតាមអ្នកបម្រើរបស់ជនរងគ្រោះ ឈ្មោះ Maneerat Srithornrat អាយុ៥២ឆ្នាំ បានប្រាប់ប៉ូលិសថា មុនពេលកើតមាននូវអំពើឃាតកម្មនោះ ជនរងគ្រោះបាននាំគាត់មកធ្វើបុណ្យកុសល នៅក្នុងព្រះវិហារ Bang Khae ស្ថិតក្នុងទីក្រុងបាងកក។ លុះមកដល់វេលាកើតហេតុ ពួកគាត់បានរៀបចំធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ស្រាប់តែលេចមុខស្រ្ដីម្នាក់មិនស្គាល់អត្ដសញ្ញាណ ដើរតាមពីក្រោយជនរងគ្រោះ (Linlada Phattanphan) ហើយបាញ់ប្រហារចំនួន៤គ្រាប់ រួចហើយគេចខ្លួនបាត់។
មន្រ្ដីប៉ូលិសថៃ បានឲ្យដឹងថា ស្រ្ដីរងគ្រោះ ឈ្មោះ Linlada Phattanphan អាយុ៣៩ឆ្នាំ។ ជនរងគ្រោះ ត្រូវបានឃាតកមិនស្គាល់អត្ដសញ្ញាណ លបបាញ់ប្រហារពីក្រោយខ្នង បណ្ដាលឲ្យស្លាប់ នៅក្នុងថ្លុកឈាម។ នៅលើសាកសពរបស់ជនរងគ្រោះ មានស្នាមគ្រាប់ចំនួន៤កន្លែង។
ប្រភពព័ត៌មានដដែល បានឲ្យដឹងថា តាមរយ:កាមេរ៉ាសុវត្ថិភាព ប៉ូលិសបានស្រាវជ្រាវដឹងថា ឃាតកជាអតីតសង្សាររបស់ជនរងគ្រោះ(ស្រឡាញ់ភេទដូចគ្នា)។ រីឯករណីឃាតកម្មនេះបានផ្ដើមចេញពីជម្លោះដីធ្លី និងរឿងស្នេហ៍របស់ពួកគេទាំង២។ បច្ចុប្បន្ន សមត្ថកិច្ចបានចោទស្រ្ដីដៃដល់(មន្រ្ដីប៉ូលិស) អំពីការគំរាមកំហែង និងការសម្លាប់ជនរងគ្រោះ ជាអតីតសង្សារ៕