ខេត្តកំពត៖ ក្រោយពេលមានភ្លៀងធ្លាក់មកយ៉ាងខ្លាំង ក្នុងរយ:ពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យត្រីឆ្ពង់ ជាង១០តោន ដែលប្រជាកសិករចិញ្ចឹម នៅក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ ងាប់អណ្ដែតពេញទឹកព្រែក។
លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានឱ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនេះ ភ្លៀងបានធ្លាក់មកយ៉ាងខ្លាំងជាប់ៗគ្នា បានធ្វើឱ្យត្រីឆ្ពង់ចិញ្ចឹម ក្នុងព្រែកប្រហែល១១.៥០០ក្បាលងាប់អស់គ្មានសល់។ រីឯត្រីទាំងនោះជារបស់ពលរដ្ឋចំនួន១០គ្រួសារ រស់នៅភូមិព្រែកត្នោត និងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ជាអ្នកចិញ្ចឹម។ បើតាមការប៉ាន់ប្រមាណ ត្រីទាំងនោះមានទម្ងន់ជាង១៥តោន ព្រោះត្រីឆ្ពង់ក្នុងមួយក្បាលៗសុទ្ធតែធំ អាចមានទម្ងន់អាចចាប់លក់បាន។
លោកនាយខណ្ឌរដ្ឋបាលជល បានបន្ថែមថា ត្រីទាំងនេះងាប់ អាចបណ្ដាលមកពីកត្តាពីរជាចម្បង រួមមាន ទី១- ការប្រែប្រួលទឹកពីប្រៃទៅសាបលឿនពេក និងទី២-ទឹកភ្លៀងហូរចូលក្នុងព្រែកឆ្ពោះទៅសមុទ្រ ដោយនាំដីល្បាប់មកជាមួយ ទើបធ្វើឱ្យត្រីថប់ដកដង្ហើមងាប់បែបនេះ។ ដោយឡែកអ្នកចិញ្ចឹមត្រី នៅក្នុងសមុទ្រ មិនបញ្ហាអ្វីឡើយ ព្រោះទឹកនៅតែមានជាតិប្រៃ និងមិនមានដីល្បាប់ នាំឲ្យត្រីថប់ដង្ហើមងាប់នោះឡើយ៕