រដ្ឋធានីវ៉ាស៊ីនតោន៖ យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិក ប្រភេទ B-25 បានជួបនឹងឧបទ្ទវហេតុដ៏អាក្រក់ ធ្លាក់ នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ខណ:កំពុងហោះហើរ ដោយបានបណ្ដាលឲ្យអាកាសយានិកចំនួន៣នាក់រងរបួស។
បើតាមសារព័ត៌មាន KCRA Channel 3 បានផ្សាយថា យន្តហោះទម្លាក់គ្រាប់បែកនោះ ឈ្មោះ North American B-25 បានធ្លាក់ កាលពីវេលាម៉ោង៧ និង៣០នាទី យប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅលើវាលស្រែមួយកន្លែង ក្បែរវិថី Roberts ។
មន្ត្រីប៉ូលិសក្នុងតំបន់ បានបញ្ជាក់ថា នៅក្នុងឧបទ្ទវហេតុនោះ បានបណ្ដាលឲ្យអាកាសយានិកចំនួន៣នាក់រងរបួស ក្នុងនោះរងរបួសធ្ងន់ចំនួន២នាក់ ហើយត្រូវបានក្រុមសង្រ្គោះបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ជាមួយគ្នានេះដែរ នាយកដ្ឋានអាកាសចរណ៍អាមេរិក កំពុងស្រាវជ្រាវអំពីករណី នៃគ្រោះថ្នាក់ខាងលើនេះ។
ដោយឡែកបណ្ដាញផ្សព្វផ្សាយអាមេរិក បានផ្សាយថា មូលហេតុ នៃការយន្តហោះទម្លាក់គ្រាប់បែក B-25 អាចបណ្ដាលមកពីបញ្ហាបច្ចេកទេស ព្រោះយន្តហោះខាងលើបានដំណើរការហោះហើរ រយៈពេល៨០ឆ្នាំកន្លងមកហើយ។ ដូច្នេះជាអាយុកាលហួសសម័យប្រើប្រាស់ ទើបនាំឲ្យមានគ្រោះថ្នាក់បែបនេះ៕