រហូតមកដល់ពេលនេះ ការធ្វើបាតុកម្ម នៅក្នុងប្រទេសប៊ែឡារូស បានអូសបន្លាយ អស់រយ:ពេលជាច្រើនថ្ងៃកន្លងមកហើយ តែនៅបេលនេះ ក្រុមស្រ្ដីដែលជាបាតុការិនី បានកាន់ខ្ទះ វាយតូងតាងពេញតាមដងផ្លូវ ទាមទារឲ្យលោក Alexander Lukashenko ប្រធានាធិបតី នៃប្រទេសនេះចុះចេញពីតំណែង។
បើតាមសារព័ត៌មាន AP បានផ្សាយថា ក្រុមបាតុករបានលើករូបភាពរបស់លោកស្រី Kolesnikova មេដឹកនាំ បក្សប្រឆាំង ទាមទារបោះឆ្នោតជាថ្មី ជ្រើសរើសេះសមេដឹកនាំ នៃប្រទេសប៊ែឡារូស។ លោកស្រី Kolesnikova ត្រូវកម្លាំងប៉ូលិសបង្ខំឲ្យលោកស្រីចាកចេញពីប្រទេស កាលពីដើមសប្តាហ៍នេះ។
ជាមួយគ្នានេះ មេធាវីរបស់លោកស្រី Kolesnikova បានឲ្យដឹងថា លោកស្រីត្រូវបង្ខំឲ្យចូលយន្តហោះ ហើយបញ្ជូនទៅកាន់ព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន។ ប៉ុន្តែលោកស្រីបានហែកលិខិតឆ្លងដែនចោល មិនព្រមចាកចេញពីប្រទេសប៊ែឡារូសនោះឡើយ។
ការផ្ទុះបាតុកម្មនេះ បានកើតឡើង ចាប់តាំងពីថ្ងៃទី៩ ខែសីហា ក្រោយពេលបោះឆ្នោតជ្រើសរើសប្រធានាធិបតីប៊ែឡារូស។ ការបោះឆ្នោតនេះ ត្រូវបានក្រុមប្រឆាំង ចាត់ទុកថាជាការបន្លំ ក្រោយលោកLukashenko ទទួលបានការគាំទ្រ រហូតដល់ទៅ៨០ភាគរយ ហើយលោកនឹងបន្តដឹកនាំប្រទេសប៊ែឡារូសនៅអាណត្តិទី៦ បន្តទៀត។ លោក Lukashenko បានកាន់អំណាច អស់រយៈពេល២៦ឆ្នាំកន្លងមកហើយ៕