រាជធានីបាងកក៖ ព្រឹទ្ធសមាជិកសភាម្នាក់ តែងតាំងដោយយោធា បានថ្លែង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ថា អាជ្ញាធរបានកោះហៅសាកលវិទ្យាធិការទាំងអស់ មកប្រជុំ ដើម្បីប្រាប់ដល់និស្សិតទាំងអស់ ត្រូវបញ្ឈប់ការទាមទារកំណែងទម្រង់របបរាជានិយម នៅក្នុងប្រទេសថៃ បន្ដទៀត។
ប្រទេសថៃ កំពុងប្រឈមមុខនឹងការធ្វើបាតុកម្ម ស្ទើរតែជារៀងរាល់ថ្ងៃ ចាប់តាំងពីពាក់កណ្ដាល ខែកក្កដា ឆ្នាំ២០២០មក ដោយពួកគេអំពាវនាវឲ្យលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង។ ក្រៅពីនេះ ពួកគេទាមទារឲ្យមានការធ្វើវិសោធនកម្ម (កែប្រែ)ច្បាប់រដ្ឋធម្មនុញ្ញ និងការបោះឆ្នោតជាថ្មី។ រីឯក្រុមខ្លះក៏បានទាមទារឲ្យមានការកំណត់អំណាចព្រះបរមរាជវាំងរបស់ស្ដេចថៃផងដែរ។
លោក Somchai Sawangkarn សមាជិកព្រឹទ្ធសភាតែងតាំងដោយយោធា បានថ្លែងថា លិខិតកោះហៅនោះ ត្រូវបានបញ្ជូន តាមរយ:អភិបាលខេត្ត ផ្ញើទៅកាន់សាកលវិទ្យាធិការ ដើម្បីប្រាប់ដល់សិស្ស និងនិស្សិតទាំងអស់ ត្រូវបញ្ឈប់ការទាមទារកំណែទម្រង់របបរាជានិយម នៅក្នុងប្រទេសថៃ។
សមាជិកព្រឹទ្ធសភារូបនេះ បានបន្ដថា អ្នកគ្រប់គ្រងសាកលវិទ្យាល័យទាំងអស់ នឹងបង្កើនការយល់ដឹងអំពីបញ្ហានេះ ជាមួយនឹងសិស្ស ឬនិស្សិត ហើយគួរបញ្ឈប់ទាមទារកំណែទម្រង់ លើរបបរាជានិយមនេះបន្ដទៀត។ ប៉ុន្ដែទោះជាយ៉ាងណា យើងមិនបានប្រាប់អភិបាលខេត្ត ឲ្យបិទការតវ៉ារបស់និស្សិតនោះទេ តែយើងចង់ឲ្យពួកគេឈ្វេងយល់ជាមួយនឹងមន្រ្ដី នៅក្នុងសាកលវិទ្យាល័យទាំងនោះ៕