សមត្ថកិច្ចនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ បានចុះបង្ក្រាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅមុខវិទ្យាល័យទួលអំពិល ផ្លូវលេខ២១៧ ឬ ផ្លូវចម្ការដូង ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា បានថ្លែងថា សមត្ថកិច្ចបានស្រាវជ្រាវ និងស៊ើបអង្កេត អស់រយ:ជាច្រើនថ្ងៃមកហើយ ជុំវិញករណីទីតាំងផលិតឡេក្លែងក្លាយនេះ ទម្រាំដឹងច្បាស់ និងឈានដល់ការចុះបង្រ្កាប។ នៅក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានឃាត់ខ្លួនបុរសបួននាក់ នាំទៅសាកសួរ។ ដោយឡែក ម្ចាស់ទីតាំង ឈ្មោះ វឹង ជីហេង បានរត់គេចខ្លួនបាត់ មុនពេលសមត្ថកិច្ចចុះទៅដល់។
ក្រោយពេលបង្រ្កាប សមត្ថកិច្ចចម្រុះ បានសម្រេចបិទទីតាំងនោះ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំដំណើរនីតិវិធី ពាក់ព័ន្ធករណីនេះបន្ដទៀត៕
បង្រ្កាបទីតាំងផលិតឡេក្លែងក្លាយ ឃាត់ខ្លួនកូនចៅ៤នាក់ ថៅកែរត់បាត់