ខេត្តស្វាយរៀង៖ បុរស២នាក់ប្រដាប់ ដោយកាំភ្លើងខ្លី ភ្ជង់ប្លន់យកម៉ូតូ ហើយរត់គេចខ្លួន បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតមានអំពើប្លន់នោះ គេឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី ជិះម៉ូតូដឹកគ្នា។ លុះពេលពួកគេធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ជួបនឹងជនរងគ្រោះ ហើយដកកាំភ្លើងភ្ជង់ ប្លន់យកម៉ូតូពីជនរងគ្រោះ។ បន្ទាប់មក ពួកគេបានជិះគេចខ្លួន តាមបណ្តោយផ្លូវជាតិលេខ១៣ ឆ្ពោះទៅទិសខាងជើង។ ប៉ុន្ដែភ្លាមៗនោះ អ្នកភូមិបានរាយការណ៍ទៅសមត្ថកិច្ច សុំឲ្យជួយអន្ដរាគមន៍។
លោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានបែបនេះ លោកបានដឹកនាំកម្លាំងសមត្ថកិច្ច ចេញស្ទាក់តាមគោលដៅសំខាន់ៗ។ លុះក្រោយមក សមត្ថកិច្ចក៏បានប្រទះឃើញមុខសញ្ញា ទើបបើករថយន្ដដេញតាម រហូតដល់ភូមិមុនីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក ក៏បួងចង្កូតរថយន្តកៀរបក្ខពួកចោរម្នាក់ ដែលកំពុងបើកម៉ូតូទើបប្លន់បាន ពីជនរងគ្រោះ។ ប៉ុន្ដែពេលនោះ ចោរបានបាញ់ប្រហារមករថយន្ដនគរបាល ចំនួន៣គ្រាប់ ទើបនគរបាលសម្រេចបើករថយន្តបំបុកម៉ូតូពីក្រោយ បណ្តាលឲ្យដួល និងជ្រុះអាវុធទៅលើថ្នល់។ ភ្លាមៗនោះ ចោរបានរត់ចូលផ្ទះប្រជាពលរដ្ឋ តែត្រូវកម្លាំងនគរបាលហ៊ុមព័ទ្ធចាប់បានភ្លាមៗ។ រីឯចោរម្នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់។
លោកអធិការនគរបាលស្រុករមាសហែក បានបញ្ជាក់ថា ជនសង័្សយ ដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ រ៉ាត់ សារ៉ាន់ ហៅចុន រ៉ាន់ ហៅតឿ អាយុ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បួងឃ្មុំ។ ការឃាត់ខ្លួនជនសង័្សយម្នាក់នេះ សមត្ថកិច្ចដកហូតបានម៉ូតូមួយគ្រឿង ជារបស់ជនរងគ្រោះ និងវត្ថុតាងមួយចំនួនទៀត។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង័្សយទៅកាន់អធិការដ្ឋាននគរបាលស្រុករមាសហែក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចោទប្រកាន់តាមផ្លូវច្បាប់។ ដោយឡែកចោរម្នាក់ទៀត ដែលកំពុងរត់គេចខ្លួននោះ កំពុងស្ថិតក្នុងការតាមចាប់ខ្លួនរបស់សមត្ថកិច្ច៕