ក្រោយពេលមានភាពតានតឹងដាក់គ្នា កាន់តែខ្លាំងឡើង នៅសមុទ្រចិនខាងត្បូង អាមេរិកក៏លូកដៃកាន់តែខ្លាំងឡើង នៅក្នុងតំបន់នេះ ហើយអាមេរិកនឹងប្រើយន្ដហោះចម្បាំងជាង១០០គ្រឿង មកលេងល្បែងសង្រ្គាម នៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិក។
សារព័ត៌មានរុស្ស៊ី Sputnik បានចេញផ្សាយ នៅព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ថា អាមេរិកនឹងលេងល្បែងសង្រ្គាម នៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិក។ រីឯគ្រឿងចម្បាំងជាច្រើនប្រភេទ នឹងមកកាន់តំបន់នេះ រួមមាន នាវាផ្ទុកយន្ដហោះ Nimitz-class , នាវាផ្ទុកយន្ដហោះ USS Ronald Reagan, នាវាវាយលុកលំដាប់លេខ USS America, នាវាដឹកជញ្ជូន Sanph-class នាវា USS New Orleans និងគ្រឿងចម្បាំងជាច្រើនទៀត។ គ្រឿងសឹកទាំងនេះ ជាសម្ភារដ៏សំខាន់ សម្រាប់កងទ័ពអាមេរិក ធ្វើសមយុទ្ធយោធា។
កងទ័ពអាមេរិក ប្រចាំតំបន់សមុទ្រប៉ាស៊ីហ្វីក បានប្រកាស កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ថា ល្បែងសង្រ្គាមដ៏ធំថ្មី នឹងចាប់ផ្ដើម នៅចុងខែនេះ ដោយមាននាវាផ្ទុកយន្ដហោះ នាវាវាយលុក និងយន្ដហោះចម្បាំង ជាង១០០គ្រឿងផងដែរ។ ល្បែងសង្រ្គាមរបស់កងទ័ពជើងទឹកអាមេរិក ដែលមាននាវាជាខែលចំនួន៨គ្រឿងនោះ នឹងមកដល់ឆ្នេរសមុទ្រ Guam នៅចន្លោះពីថ្ងៃទី១៤-២៥ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។ ការចូលរួមសមយុទ្ធ សម្រាប់ល្បែងសង្រ្គាមនេះ នឹងមានកងទ័ព ជាង ១១ ០០០នាក់ ដោយរួមទាំងយន្ដហោះចម្បាំងទំនើបៗ ជាង១០០គ្រឿងថែមទៀតផង។
កាលពីពេលកន្លងទៅថ្មីៗនេះ អាមេរិក ក៏បានធ្វើសមយុទ្ធកងទ័ពជើងទឹកជាច្រើនលើកមកហើយ នៅដែនសមុទ្រហ្វីលីពីន និងសមុទ្រចិនខាងត្បូង ដោយមានទាំងនាវាផ្ទុកយន្ដហោះចំនួន៣គ្រឿងផងដែរ។ សកម្មភាពរបស់អាមេរិកបែបនេះ ក៏ជាសារមួយបង្ហាញច្បាស់ ប្រឆាំងចំពោះចិន ដែលរដ្ឋាភិបាលទីក្រុងប៉េកាំង អះអាងពីដែនអធិបតេយ្យភាពរបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង។ រីឯកងទ័ពជើងទឹកអាមេរិក តែងតែបើកយន្ដហោះទម្លាក់គ្រាប់បែក និងនាវាចម្បាំងល្បាត នៅលើដែនសមុទ្រនេះ៕