រាជធានីភ្នំពេញ៖ បុរសម្នាក់បានក្លែងខ្លួនធ្វើជាមន្រ្ដីកងរាជអាវុធហត្ថ និងសន្ដិសុខ បន្លំខ្លួនចូលទៅក្នុងអគារកំពុងសាងសង់ តែត្រូវបែកការ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅទល់មុខក្រសួងបរិស្ថាន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលមានការភ្ញាក់ផ្អើលនោះ មានបុរសម្នាក់បានក្លែងខ្លួន ធ្វើជាសន្តិសុខផង និងជាមន្ត្រីប៉េអឹម ហើយដើរចូលមកក្នុងការដ្ឋានសំណង់ខាងលើ។ ប៉ុន្ដែនៅពេលនោះ សន្ដិសុខយាម នៅក្នុងការដ្ឋានបានឃាត់សួរនាំ ស្រាប់តែជននោះ ស្ទុះមកដាល់សន្ដិសុខរបស់ការដ្ឋាន ចំនួន២ដៃ ហើយដកកាំភ្លើងខ្លីភ្ជង់គំរាម បង្កឲ្យភ្ញាក់ផ្អើលដល់អ្នកនៅក្នុងការដ្ឋាន ទើបជនសង័្សយគេចខ្លួនបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ និងឆែកមើលកាមេរ៉ាសុវត្ថិភាព មើលពីសកម្មភាពរបស់ជនសង័្សយ។ តាមរយ:រូបភាព នៅក្នុងកាមេរ៉ាសុវត្ថិភាពនោះ គេសង្ឃឹមថា សមត្ថកិច្ចនឹងអាចចាប់ជនសង័្សយ នាំមកសាកសួរអំពីគោលបំណងពិតប្រាកដរបស់គេ ហើយចាត់ការតាមច្បាប់៕