ទីក្រុង Crotone ៖ ទូកមួយគ្រឿងដឹកជនចំណាកស្រុកចំនួន២០នាក់ បានជួបនឹងគ្រោះចង្រៃ ត្រូវភ្លើងឆាបឆេះ បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និង៧នាក់ផ្សេងទៀត រងរបួស កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅភាគខាងត្បូងឆ្នេរសមុទ្រ នៃប្រទេសអ៊ីតាលី។
មន្ត្រីប៉ូលិស និងសុខាភិបាលអ៊ីតាលី បានថ្លែង នៅថ្ងៃទី៣១ ខែសីហា ថា នៅក្នុងហេតុការណ៍ឆេះទូកដឹកជនចំណាកស្រុកនោះ បានបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ (ស្រីម្នាក់) ក្នុងចំណោមពួកគេ២០នាក់។ គ្រោះអគ្គិភ័យនេះបានកើតឡើង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ នៅជិតឆ្នេរសមុទ្រភាគខាងត្បូង នៃប្រទេសអ៊ីតាលី។
មន្រ្ដីសុខាភិបាលទីក្រុងកំពង់ផែ Crotone បានបញ្ជាក់ថា ក្រៅពីអ្នកស្លាប់៣នាក់ ក្នុងចំណោមជនចំណាកស្រុកទាំងអស់ ដែលនៅលើទូករងការឆាបឆេះនោះ ក៏មានមនុស្ស៣នាក់ រងរបួសស្រាល និង២នាក់រងរបួសធ្ងន់ ហើយបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រៅពីនេះ ក៏មានមន្រ្ដីនគរបាល២នាក់បានរងរបួសផងដែរ ដោយសារម៉ាស៊ីនទូកផ្ទុះ ហើយផ្ទុះ ខណ:ពួកគេព្យាយាមបើកទូកនោះទៅរកទីមានសុវត្ថិភាព៕