ទីក្រុងតៃប៉ិ៖ រហូតមកដល់ពេលនេះ ថ្វីបើរដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងខិតខំពង្រឹងកម្លាំងកងទ័ព ទាំងផ្លូវគោក ដែនអាកាស និងជើងទឹក ហើយខំផលិតមីស៊ីលបាលីស្ទីកដ៏ច្រើនសម្បើមយ៉ាងណាក្ដី តែក្រសួងការពារជាតិតៃវ៉ាន់ នៅតែអះអាងថា កងទ័ពរំដោះប្រជាជនចិននៅតែមានសមត្ថភាពទន់ខ្សោយ មិនអាចវាយលុកដណ្ដើមគ្រប់គ្រងដែនកោះតៃវ៉ាន់ ដោយស្រួល តាមអ្វីដែលប្រធានាធិបតីចិន អះអាងនោះឡើយ។
ក្រសួងការពារជាតិកោះតៃវ៉ាន់ បានថ្លែង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ថា រហូតមកដល់ពេលនេះ កងកម្លាំងប្រដាប់អាវុធចិន កំពុងតែបង្កើននូវសមត្ថភាពរបស់ពួកគេ ឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។ ប៉ុន្ដែទោះជាយ៉ាងណា កងទ័ពរបស់ចិន នៅតែមិនមានសមត្ថភាព វាយប្រហារដណ្ដើមកាន់កាប់ដែនកោះតៃវ៉ាន់ ដែរ ។
ក្រសួងការពារជាតិតៃវ៉ាន់ បានបន្ថែមថា រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងបង្កើនសកម្មភាពយោធា នៅជុំវិញអ្វីដែលរដ្ឋាភិបាលចិន ចាត់ទុកថា តៃវ៉ាន់ជាដែនអធិបតេយ្យភាពរបស់ខ្លួន។ ទីក្រុងប៉េកាំងមិនដែលបោះបង់ការប្រើប្រាស់កម្លាំងយោធា ដើម្បីនាំតៃវ៉ាន់ មករស់នៅតាមបែបប្រជាធិបតេយ្យ ក្រោមការគ្រប់គ្រង នៃប្រទេសមួយ មានប្រព័ន្ធច្បាប់២នោះឡើយ។ នេះជាសារគំរាមកំហែង ដដែលជាដដែលរបស់ប្រធានាធិបតីចិន លោក ស៊ី ជិ ពីង បើទោះជាកោះតៃវ៉ាន់ មិនចាប់អារម្មណ៍ ក្នុងការគ្រប់គ្រង ដោយរដ្ឋាភិបាលស្វយ័តពីក្រុងប៉េកាំងក៏ដោយ។
ជាមួយគ្នានេះដែរ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង តែងតែត្រួតពិនិត្យកម្មវិធីយោធូបនីយកម្មឲ្យកាន់តែទំនើបឡើងបន្ថែមទៀត រួមមាន យន្ដហោះចម្បាំងបំបាំងកាយ (រ៉ាដាចាប់មិនបាន) នាវាផ្ទុកយន្ដហោះចម្បាំង និងគ្រឿងសឹកដ៏ទំនើបផ្សេងៗទៀត។ ក្រៅពីនេះ រដ្ឋាភិបាលចិន បានជំរុញដល់កងទ័ពរបស់ខ្លួន ទាំងជើងទឹក និងជើងអាកាស បង្កើនការធ្វើសមយុទ្ធ ឬបេសកកម្មទៀងទាត់ នៅជិតកោះតៃវ៉ាន់។
បើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់កោះតៃវ៉ាន់ ស្តីពីសមត្ថភាពយោធារបស់ចិន ត្រូវបានបញ្ជូនទៅកាន់រដ្ឋសភានោះ ក្រសួងការពារជាតិតៃវ៉ាន់ បានដាក់ចេញនូវសេណារីយ៉ូ សម្រាប់តាមដានរាល់សកម្មភាពរបស់ចិន រួមមាន ការបិទផ្លូវទឹក និងការរឹបអូសយកដែនកោះ នៅឯនាយសមុទ្រជាដើម។
ក្រសួងការពារជាតិតៃវ៉ាន់ បានបន្ថែមថា នៅក្នុងប្រតិបត្តិការជាឧបាយកល និងយុទ្ធសាស្ត្រ ឆ្ពោះមកកាន់កោះតៃវ៉ាន់ នៅមានកម្រិត ដោយសារបរិយាកាសភូមិសាស្ត្រធម្មជាតិ នៃច្រកសមុទ្រតៃវ៉ាន់ ហើយឧបករណ៍សម្រាប់ចុះចតយន្ដហោះ និងសមត្ថភាពដឹកជញ្ជូនរបស់ចិន នៅមិនគ្រប់គ្រាន់ សម្រាប់ប្រតិបត្ដិការយោធានេះ។ ដូច្នេះកងទ័ពរំដោះប្រជាជនចិន នៅតែមិនមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ការវាយប្រហារដណ្ដើមយកដែនកោះតៃវ៉ាន់។
ក្នុងការទប់ទល់នឹងការគំរាមកំហែងរបស់ចិនោះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីនវ៉ែន (Tsai Ing-wen) បានពង្រឹងកងកម្លាំងការពាររបស់កោះតៃវ៉ាន់ ដោយខ្លួនឯង ជាអាទិភាព ដោយបង្កើតឧស្សាហកម្ម សម្រាប់វិស័យការពារជាតិរបស់ខ្លួន។ ក្រៅពីនេះ កោះតៃវ៉ាន់បានបង្កើនការទិញសម្ភារសឹកជាច្រើនប្រភេទ ពីសហរដ្ឋអាមេរិក ប្រទេសអ្នកផ្គត់ផ្គង់គ្រឿងចម្បាំងដ៏សំខាន់បំផុតរបស់កោះនេះ និងអ្នកគាំទ្រជាលក្ខណ:អន្ដរជាតិ។
លោកស្រីប្រធានាធិបតីកោះតៃវ៉ាន់ បានបញ្ជាក់យ៉ាងច្បាស់ថា លោកស្រីចង់បានសន្តិភាពជាមួយប្រទេសចិន ហើយនឹងមិនបង្កឱ្យមានជម្លោះនោះទេ។ ប៉ុន្តែកាលពីសប្តាហ៍មុន លោកបានសម្តែងការព្រួយបារម្ភ អំពីអរិភាពដែលអាចនឹងកើតឡើង ដោយចៃដន្យ ដោយសារតែភាពតានតឹង ក្នុងតំបន់ចេះតែកើនកម្លៅខ្លាំងឡើង។
ជាមួយគ្នានេះដែរ ក្រសួងការពារជាតិតៃវ៉ាន់ បានថ្លែងថា ខ្លួនកំពុងបន្តយកចិត្តទុកដាក់ ចំពោះការគំរាមកំហែងរបស់ចិន ទាំងជាក់ស្តែង និង ពាក្យសម្ដី។ ប៉ុន្ដែតៃវ៉ាន់មិនចង់បាន សង្រ្គាមទេ តែបើសង្គ្រាមកើតឡើង ក៏តៃវ៉ាន់មិនខ្លាចញញើត នឹងតបតវិញដែរ។
ស្របគ្នានេះដែរ កោះតៃវ៉ាន់ កាលពីពេលថ្មីនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនផលិតគ្រឿងសព្វាវុធរបស់អាមេរិក Lokheed Martin នូវទឹកប្រាក់ចំនួន៦២ពាន់លានដុល្លារអាមេរិក។ បើតាមកិច្ចព្រមព្រៀងទិញលក់គ្រឿងសឹកនោះ កោះតៃវ៉ាន់ នឹងទទួលបានយន្ដហោះដ៏ទំនើប ប្រភេទ F-16 Viper ចំនួន៦៦គ្រឿង ហើយនៅឆ្នាំ២០២៦ នឹងទទួលបានយន្ដហោះជាង២០០គ្រឿងបន្ថែមទៀត៕