រដ្ឋធានីញូវដេលី៖ មន្រ្ដីក្រសួងការពារជាតិឥណ្ឌា បានថ្លែងថា ឥណ្ឌានឹងមិនដកកងទ័ព ចេញពីខ្សែបន្ទាត់ព្រំដែននោះទេ ហើយឥណ្ឌាកំពុងប្រុងជើងការ សម្រាប់អ្វីដែលកើតឡើង ដើម្បីឆ្លើយតបនឹងការឈ្លានពានរបស់ចិន។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ឥណ្ឌាបន្ដរក្សាកងទ័ពរបស់ខ្លួន នៅតាមបន្ទាត់ព្រំដែន(LAC) ស្ថិតនៅភាគខាងកើតតំបន់ Ladakh ដែលមានជម្លោះជាមួយនឹងចិន។ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងតំបន់នេះ ធ្លាប់កើតជម្លោះ វាយប្រហារគ្នា បណ្ដាលឲ្យកងទ័ពឥណ្ឌាស្លាប់២០នាក់ និងចិន៤៣នាក់។
កាលពីពេលកន្លងទៅថ្មីៗនេះ រដ្ឋមន្រ្ដីក្រសួងការពារជាតិឥណ្ឌា លោក Rajnath Singh ក៏បានទៅត្រួតសេណារីយ៉ូកងសន្ដិសុខ នៅភាគខាងកើតតំបន់ Ladakh ។ នៅពេលនោះ លោករដ្ឋមន្រ្ដីបានជួបប្រជុំជាមួយនឹងទីប្រឹក្សាសន្ដិសុខជាតិ លោក Advisor Ajit Doval និងមន្រ្ដីយោធាជាន់ខ្ពស់ ហើយមេកងទ័ពអាកាសផងដែរ។ រីឯភាគីចិន និងឥណ្ឌា បន្ដជួបប្រជុំគ្នា ដើម្បីដោះស្រាយតាមការទូត លើបញ្ហាព្រំដែននេះ ។
ស្របពេលភាពតានតឹងដាក់គ្នា រវាងឥណ្ឌា និងចិន កាន់តែខ្លាំងឡើងនោះ យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ដរបស់អាមេរិក B-2 ក៏បានចាប់ផ្ដើមដាក់ពង្រាយ នៅតាមបណ្ដាប្រទេសជាច្រើនផងដែរ។ សកម្មភាពរបស់កងទ័ពអាមេរិកបែបនេះ គេអាចព្យាករទុកជាមុនថា កងទ័ពអាមេរិក កំពុងប្រុងជើងការ សម្រាប់គាំទ្រយ៉ាងពេញទំហឹងដល់កងទ័ពឥណ្ឌា ដោយវាយប្រហារទៅលើចិន ប្រសិនបើសង្គ្រាមផ្ទុះឡើង រវាងឥណ្ឌា និងចិន។
រហូតមកដល់ពេលនេះ អាមេរិកបានដាក់ពង្រាយនូវយន្ដហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 នៅមូលដ្ឋានកងទ័ព Digogarsia ស្ថិតក្នុងមហាសមុទ្រឥណ្ឌា។ យន្ដហោះទាំងនេះ បានបំពាក់ទៅដោយអាវុធនុយក្លេអ៊ែរ ហើយវាក៏ជាយន្ដហោះចម្បាំងដ៏ធំបផុតរបស់ពិភពលោកផងដែរ៕