មន្រ្ដីក្រសួងការពារជាតិអាមេរិកមួយរូប បានថ្លែងថា ចិនបានបាញ់មីស៊ីល រយ:ចម្ងាយមធ្យម ចូលទៅក្នុងសមុទ្រចិនខាងត្បូង។ សកម្មភាពចុងក្រោយរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ចង់បង្ហាញឥទ្ធិពលយុទ្ធសាស្រ្ដ និងអធិបតេយ្យរបស់ខ្លួន ទៅលើដែនទឹកមានជម្លោះជាមួយនឹងប្រទេសជាច្រើន នៅក្នុងសមុទ្រចិនខាងត្បូងនេះ។
ការបាញ់មីស៊ីល កាលពីថ្ងៃទី២៦ ខែសីហា បានធ្វើឡើង នៅក្នុងសមយុទ្ធយោធាជាបន្ដបន្ទាប់ ក្រោយពេលប្រទេសចិន មានភាពតានតឹងជាមួយនឹងអាមេរិក ជុំវិញការទាមទារសមុទ្រចិនខាងត្បូង និងការប៉ុនប៉ងដាក់សម្ពាធទៅលើកោះតៃវ៉ាន់។ រដ្ឋាភិបាលទីក្រុងប៉េកាំង នៅតែចាត់ទុក កោះតៃវ៉ាន់ ជាអាណាខេត្តរបស់ខ្លួន ហើយទីក្រុងប៉េកាំងគំរាម ប្រើប្រាស់កម្លាំងយោធា ប្រសិនបើកោះតៃវ៉ាន់ ប្រកាសពីឯករាជភាពរបស់ខ្លួន ផ្ដាច់ចេញពីចិន។
ទោះជាយ៉ាងណ លោកស្រី សៃ អ៊ីវិន ប្រធានាធិបតីកោះតៃវ៉ាន់ បានអះអាងថា រដ្ឋាភិបាលរបស់លោកស្រី ដាច់ខាតត្រូវតែការពារដែនកោះនេះ មិនឲ្យធ្លាក់ទៅក្រោមកណ្ដាប់ដៃរបស់ចិនប៉េកាំងនោះឡើយ។ ជាមួយគ្នានេះ លោកស្រីប្រធានាធិបតី បាននិយាយបែបសើចចំអកទៅកាន់ក្រុងប៉េកាំងវិញថា លោកស្រីមិនចង់បង្កអមិត្ដជាមួយចិនប៉េកាំងទេ តែយើងអាចចរចាគ្នា និងរស់នៅប្រកបដោយសន្ដិភាព ក្នុងឋាន:ជាប្រទេសមួយ ហើយមានភាពស្មើគ្នា។
ទោះជាយ៉ាងា លោក Wu Qia អ្នកនាំពាក្យក្រសួងការពារជាតិចិន កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ មិនបានធ្វើអត្ថាធិប្បាយណាមួយ ជុំវិញការបាញ់មីស៊ីលនោះឡើយ។ ប៉ុន្ដែលោកបានអះអាងថា ចិនអនុវត្ដការធ្វើសមយុទ្ធយោធា នៅក្នុងតំបន់ដែលលាតសន្ធឹងពី Qingdao នៅភាគឦសានប្រទេសចិន រហូតដល់ប្រជុំកោះមានជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង ដែលគេស្គាល់ថា ប្រជុំកោះ Spratlys ។
ដោយឡែកមន្រ្ដីក្រសួងការពារជាតិអាមេរិក បានថ្លែងថា កងទ័ពអាមេរិក ប្រចាំនៅតំបន់នោះ បានឃើញមីស៊ីលចំនួន៤គ្រាប់ បាញ់ចេញពីចិនដីគោក តម្រង់ទិសដៅទៅកាន់តំបន់មានជម្លោះ។ រហូតមកដល់ពេលនេះ មន្ទីរបញ្ចកោណរបស់អាមេរិក កំពុងតែវាយតម្លៃអំពីប្រភេទមីស៊ីលទាំងនោះ។ ក្នុងចំណោមមីស៊ីល រយ:ចម្ងាយមធ្យម ផលិតដោយប្រទេសចិន រួមមាន DF-26 និង DF-21 ដែលអាចវាយប្រហារដល់គោលដៅ នៅក្នុងសមុទ្រចិនខាងត្បូង។
ភាពតានតឹងនៅលើសមុទ្រចិនខាងត្បូង និងតៃវ៉ាន់ បានកើតឡើងយ៉ាងស្រួចស្រាវ ក្នុងរយ:ពេលប៉ុន្មានសប្ដាហ៍មកនេះ រហូតរាលដាលដល់ការប្រឈមមុខ កាន់តែខ្លាំងឡើង រវាងចិន និងអាមេរិក ថែមទៀតផង។ ជាមួយគ្នានេះ កងទ័ពអាមេរិក ក៏បោះជំហានធ្វើប្រតិបត្ដិការ នៅក្នុងតំបន់នេះដែរ ដោយថែមទាំងដាក់ពង្រាយនូវនាវាផ្ទុកយន្ដហោះចំនួន២គ្រឿង នៅសមុទ្រចិនខាងត្បូង។
ប្រទេសចិននៅតែបន្ដអះអាងថា សមុទ្រចិនខាងត្បូង ប្រហែល៨០ភាគរយ ជាដែនដីរបស់ខ្លួន ទើបបង្កឲ្យមានជម្លោះជាមួយនឹងប្រទេសវៀតណាម ហ្វីលីពីន ប្រ៊ុយណេ និងម៉ាឡេស៊ី។ នៅក្នុងសមុទ្រចិនខាងត្បូងនេះ មានផ្ទៃទឹកទំហំប្រហែល៣,៥លានគីឡូម៉ែត្រការ៉េ ហើយសម្បូរទៅដោយជីវ:ចម្រុះ ឧស្ម័ន ប្រេង និងរ៉ែជាច្រើនប្រភេទទៀត។ រីឯការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែនសមុទ្រចិនខាងត្បូងនេះ ត្រូវគេប៉ាន់ប្រមាណ មានតម្លៃរហូតដល់ទៅ៣ពាន់កោដិលានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ៕