រដ្ឋធានីអង់ការ៉ា៖ ក្រោយពេលប្រទេសក្រិកប្រកាសការពារដែនអធិបតេយ្យភាព ប្រឆាំងនឹងការរំលោភបំពានពីតួកគី នោះមក ប្រធានាធិបតីតួកគី បានព្រមានដល់រដ្ឋាភិបាលអាថែនថា កំពុងតែដើរទៅរកគ្រោះថ្នាក់ នៅលើសមភូមិមេឌីទែរ៉ាណា។
លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអង់ការ៉ា នឹងមិនធ្វើសម្បទានណាមួយដល់ប្រទេសក្រិក នៅក្នុងដែនសមុទ្រមេឌីទែរ៉ាណេ នោះឡើយ។ លោកប្រធានាធិបតី បានព្រមានក្រិក ប្រឆាំងនឹងការបង្កហេតុណាមួយឡើយ ហើយប្រទេសរបស់លោកនឹងប្រកាន់យកនូវអ្វីដែលខ្លួន សមនឹងទទួល នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ក៏ដូចជា សមុទ្រ Aegean និងសមុទ្រខ្មៅផងដែរ។
លោក Erdogan កាលពីថ្ងៃទី២៦ ខែសីហា បានថ្លែង នៅក្នុងពិធីរំឭកដល់ខួប នៃការទទួលជ័យជម្នះរបស់ Seljuk តួកគី លើចក្រភព Byzantine នៅឯសមរភូមិ Manzikert ក្នុងឆ្នាំ ១០៧១ ថា យើងនឹងមិនធ្វើសម្បទានអ្វីដែលជារបស់យើងឡើយ។ យើងប្តេជ្ញាថា យើងនឹងធ្វើអ្វីដែលចាំបាច់។
ជាមួយគ្នានេះ លោក Heiko Maas រដ្ឋមន្រ្ដីការបរទេសអាល្លឺម៉ង់ កាលពីថ្ងៃទី២៥ ខែសីហា បានធ្វើដំណើរទៅទស្សនកិច្ចបន្ទាន់មួយ ទៅកាន់ទីក្រុងអាថែន ប្រទេសក្រិក និងទីក្រុងអង់ការ៉ា ប្រទេសតួកគី។ នៅក្នុងដំណើរទស្សនកិច្ចនោះ លោករដ្ឋមន្រ្ដីនឹងជួបជាមួយសមភាគីរបស់លោក ទាំងក្រិក និងតួកគី ដើម្បីស្វែងរកការបន្ធូរបន្ថយនូវជម្លោះ ជុំវិញតំបន់សម្បូរឧស្ម័ន និងប្រេង នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ភាគខាងកើត។ នៅក្នុងថ្ងៃជាមួយគ្នានោះ កងទ័ពជើងទឹករបស់ក្រិក និងតួកគី បានធ្វើសមយុទ្ធ នៅជិតកោះ Crete ហើយបញ្ហាប្រឈមមុខដាក់គ្នានេះ កាន់តែធ្វើឲ្យស្ថានការណ៍ មានភាពតានតឹងខ្លាំងឡើងបន្ថែមទៀត។
ដោយឡែក ក្រសួងការពារជាតិក្រិក បានប្រកាសថា កងទ័ពក្រិក បារាំង ស៊ីព(Cyprus) និងអ៊ីតាលី បានព្រមព្រៀងគ្នា ធ្វើសមយុទ្ធ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ ភាគខាងកើត ជាទីមានជម្លោះ រវាងប្រទេសក្រិក និងតួកគី។ ភាពតានតឹង និងអស្ថិរភាព នៅដែនសមុទ្រមេឌីទែរ៉ាណេ ភាគខាងកើតនេះ កាន់តែឡើងកម្ដៅ ជុំវិញបញ្ហាជម្លោះលើដែនសមុទ្រ ដោយតួកគី តែងតែរំលោភជាញឹកញាប់ លើអនុសញ្ញារបស់អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ៕