រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែសីហា បានសម្រេចចិត្ដដាក់ទណ្ឌកម្មលើក្រុមហ៊ុនធំៗរបស់ចិន ចំនួន២៤ និងមន្រ្ដីជាន់ខ្ពស់ចិនជាច្រើនរូបបន្ថែមទៀត ជាប់ពាក់ព័ន្ធនឹងការចូលរួមសាងសង់ និងធ្វើយោធូបនីយកម្ម នៅលើកោះសិប្បនិមិត្ដដ៏ចម្រូងចម្រាស នៅក្នុងសមុទ្រចិនខាងត្បូង។
ក្រសួងពាណិជ្ជកម្មអាមេរិក បានសរសេរ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ក្រុមហ៊ុនធំៗជាច្រើនរបស់ចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់កងទ័ពចិន លើគម្រោងសាងសង់ នៅលើកោះសិប្បនិមិត្តដ៏ចម្រូងចម្រាស នៅក្នុងសមុទ្រចិនខាងត្បូង។ ជាមួយគ្នានេះដែរ រដ្ឋមន្រ្ដីក្រសួងការបរទេសអាមេរិក លោក Mike Pompeo បានថ្លែងថា ក្រសួងការបរទេសអាមេរិក នឹងរឹតបន្ដឹងដល់ការចេញទិដ្ឋាការដល់បុគ្គលមួយចំនួន ដែលពាក់ព័ន្ធនឹងការសាងសង់កោះសិប្បនិមិត្ត នៅសមុទ្រចិនខាងត្បូងនេះ។
រដ្ឋមន្រ្ដីក្រសួងការបរទេសអាមេរិក បានបន្ថែមថា ចាប់តាំងពីឆ្នាំ២០១៣មក សាធារណរដ្ឋប្រជាមានិតចិន បានប្រើប្រាស់សហគ្រាសគ្រប់គ្រងដោយរដ្ឋចិន ដើម្បីបូម និងដណ្តើមយកផ្ទៃដី ជាង ៣.០០០ហិកតា នៅតំបន់ជម្លោះ ក្នុងសមុទ្រចិនខាងត្បូង ធ្វើឱ្យមានអស្ថិរភាព ក្នុងតំបន់ ដោយរំលោភលើអធិបតេយ្យភាពរបស់ប្រទេសជិតខាង និង បង្កការបំផ្លិចបំផ្លាញដល់បរិស្ថានថែមទៀតផង។ រីឯក្រុមហ៊ុនធំៗរបស់ចិន ទាំង២៤នោះ ត្រូវអាមេរិកដាក់បម្រាមលើការទិញបច្ចេកវិទ្យា និងផលិតផលដទៃទៀតពីអាមេរិកផងដែរ។
ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានធ្វើឡើង បន្ទាប់ពីការធ្វើបច្ចុប្បន្នភាព លើគោលនយោបាយមួយ នៅក្នុងខែកក្កដា ដែលបានអំពាវនាវយ៉ាងច្បាស់នូវការទាមទារដែនសមុទ្រ ដោយខុសច្បាប់របស់ទីក្រុងប៉េកាំង នៅក្នុងសមុទ្រចិនខាងត្បូង។ សកម្មភាពទាំងនេះ គឺជាជំហានចុងក្រោយបង្អស់ ដែលសហរដ្ឋអាមេរិក បានចាត់វិធានការប្រឆាំងនឹងប្រទេសចិន ចំពោះការបង្កើនកម្លាំងយោធារបស់ខ្លួន នៅលើដែនទឹកដី ក្នុងសមុទ្រចិនខាងត្បូង ដែលជាអធិបតេយ្យភាព ត្រូវបានទាមទារដោយប្រទេសជាច្រើន។ សហរដ្ឋអាមេរិក កាលពីខែមិថុនា ឆ្នាំ២០២០ បានចោទប្រកាន់ប្រទេសចិន អំពីការព្យាយាម ដើម្បីកសាងចក្រភពសមុទ្រ នៅសមុទ្រចិនខាងត្បូង តែត្រូវទីក្រុងប៉េកាំងច្រានចោល។
ទោះជាយ៉ាងណា ប្រទេសចិនមិនបានឆ្លើយតបភា្លមៗ ចំពោះការដាក់ទណ្ឌកម្មនេះទេ។ ចិនបានអះអាងថា ផ្ទៃសមុទ្រចិនខាងត្បូង ប្រហែល៨០ភាគរយ ជាកម្មសិទ្ធិរបស់ខ្លួន។ ដែនសមុទ្រចិនខាងត្បូងនេះ មានទំហំប្រហែល ៣,៥លានគីឡូម៉ែត្រ ហើយជាទីសម្បូរទៅដោយជីវចម្រុះ ប្រេង និងរ៉ែ ជាច្រើនប្រភេទទៀត។ ប្រទេសចិនចង់ដណ្ដើមយកផ្ដាច់មុខ ដើម្បីទទួលបានធនធានទាំងនោះ ក៏ដូចជា ការគ្រប់គ្រងនូវការធ្វើចរាចរណ៍ពាណិជ្ជកម្ម នៅលើពិភពលោកថែមទៀតផង។ ចំពោះការធ្វើពាណិជ្ជកម្មឆ្លងកាត់សមុទ្រចិនខាងត្បូងនេះ ត្រូវបានគេប៉ាន់ប្រមាណ មានតម្លៃ រហូតដល់៣ពាន់កោដិលានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។
ការដណ្ដើមគ្រប់គ្រងផ្ដាច់មុខរបស់ចិន ទៅលើសមុទ្រចិនខាងត្បូងនោះ នាំឲ្យមានជម្លោះជាមួយនឹងប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងតៃវ៉ាន់។ រីឯអាមេរិកក៏បានគំរាមកំហែងទៅលើចិនវិញ ហើយអាមេរិកតែងតែបើកនាវាផ្ទុកយន្ដហោះ ឆ្លងកាត់សមុទ្រចិនខាងត្បូង ក្រោមហេតុផលថា នេះជាសេរីភាព ក្នុងធ្វើនាវាចរណ៍របស់ខ្លួន តាមច្បាប់អន្ដរជាតិ៕