រដ្ឋធានីដាម៉ាស់៖ បណ្ដាញផ្សព្វផ្សាយរបស់ស៊ីរី បានផ្សាយ កាលពីថ្ងៃទី២៨ ខែសីហា ថា នៅក្នុងសប្ដាហ៍នេះ គេឃើញយន្ដហោះដឹកទំនិញធុនធំបំផុតរបស់រុស្ស៊ី បានចុះចត នៅក្នុងប្រទេសស៊ីរី ចំនួន៧ជើង ធ្វើឲ្យគេសង័្សយថា រុស្ស៊ីកំពុងដឹកគ្រឿងសព្វាវុធ ទៅឲ្យស៊ីរី ដើម្បីវាយប្រហារទៅលើក្រុមឧទ្ទាម។
បើតាមប្រភពព័ត៌មាន Avia.Pro បានឲ្យដឹងថា រុស្ស៊ីបានប្រើយន្ដហោះដឹកទំនិញធុនធំប្រភេទ IL-76 ចំនួន៧គ្រឿង ចេញពីទីក្រុងមូស្គូ ទៅចុះចតនៅក្នុងប្រទេសស៊ីរី ធ្វើឲ្យគេសង័្សយថា រុស្ស៊ីបញ្ជូនអាវុធទៅឲ្យប្រទេសនេះ។ នេះក៏ជាលើកទី១ផងដែរ ដែលរុស្ស៊ី បានប្រើយន្ដហោះធុនធំទៅចុះចតនៅលើប្រទេសអារ៉ាប់មួយនេះ។
ប្រភពព័ត៌ដដែល បានបន្ដថា ក្រៅពីនេះ យន្ដហោះដឹកទំនិញ IL-76 ក៏នឹងអាចបញ្ជូនគ្រឿងសព្វាវុធទៅឲ្យកងទ័ពជាតិលីប៊ី (LNA) ដែលកំពុងតែប្រយុទ្ធជាមួយនឹងក្រុម GNA នៅក្នុងប្រទេសលីប៊ីផងដែរ។ រុស្ស៊ីបានគាំទ្រយ៉ាងពេញទំហឹងដល់របបគ្រប់គ្រងស៊ីរី ព្រោះរុស្ស៊ី ក៏ចង់បង្កើនឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់អារ៉ាប់មួយនេះ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់អាមេរិក។
ចាប់តាំងពីការផ្ទុះសង្រ្គាមនោះមក ពលរដ្ឋស៊ីរីរាប់សែននាក់ត្រូវគេសម្លាប់ ហើយរាប់លាននាក់ផ្សេងទៀត បានរត់ចោលប្រទេសកំណើតរបស់ពួកគេ នាំគ្នាទៅជ្រកកោន នៅប្រទេសជិតខាង រួមមាន តួកគី…ជាដើម៕