ខេត្តព្រះវិហារ៖ រថយន្ដមួយគ្រឿង ដឹកបងប្អូនដើរលេង ហើយបើកបោះពួយយ៉ាងលឿន ឡើងជែងគ្នា រេចង្កូតខុសផ្លូវ ក្រឡាប់ចាក់មនុស្សចោលពេញដី បណ្ដាលឲ្យរងរបួស៥នាក់ និងស្លាប់យ៉ាងអាណោចអាធ័មចំនួន២នាក់ កាលពីល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងស្រុកត្បែងមានជ័យ។
លោកវរសេនីយ៍ទោ រិទ្ធ សួណា អធិការនគរបាលស្រុកត្បែងមានជ័យ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តខាងលើបានដឹកសមាជិកគ្រួសារចំនួន៨នាក់ ក្នុងដំណើរចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ស្រុកគូលែន។ លុះពេលរថយន្ដបើកមកដល់កន្លែងកើតហេតុ អ្នកបើក បរបានបន្ថែមល្បឿន ឡើងវ៉ាជែងរថយន្តនៅខាងមុខ ហើយបួងចង្កូតខ្លាំងពេក ក៏ជ្រុលធ្លាក់ខុសផ្លូវ ក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យស្លាប់២នាក់ និងរបួសធ្ងន់ស្រាល៥នាក់។
លោកអធិការស្រុកត្បែងមានជ័យ បានបញ្ជាក់បន្ថែមថា រថយន្តដែលក្រឡាប់ ដោយខ្លួនឯងនោះ ម៉ាក តូយ៉ូតាតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-7512 បើកបរដោយឈ្មោះ ម៉ៅ ណាល់ អាយុ៣៩ឆ្នាំ រស់នៅភូមិបរិបូរណ៍ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ រីឯអ្នករួមដំណើរ នៅក្នុងរថយន្ដនោះ រួមមាន ទី១-ឈ្មោះ ស្រី និច ភេទស្រី អាយុ២៥ឆ្នាំ (ស្លាប់) ទី២-ឈ្មោះ ណាល់ ផានិត ភេទប្រុស អាយុ១២ឆ្នាំ (ស្លាប់) ទី៣-ឈ្មោះ ម៉ៅ សិលា ភេទស្រី ទី៤-ឈ្មោះ ម៉ៅ រិទ្ធយុង ភេទប្រុស ទី៥-ឈ្មោះ ស្រី សៅ ភេទប្រុស អាយុ២១ឆ្នាំ ទី៦-ឈ្មោះ ម៉ុច មឿង ភេទស្រី អាយុ៦២ឆ្នាំ និងទី៧-ឈ្មោះ លឿន ភេទស្រី អាយុ៦៣ឆ្នាំ។ ពួកគេទាំង៦នាក់នេះ មានខ្លះរងរបួសធ្ងន់ និងខ្លះ រងរបួសស្រាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យដល់កន្លែងកើតហេតុ ហើយទាក់ទងរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការដ្ឋាននគរបាលខេត្ត ដឹកអ្នករងរបួស បញ្ជូនទៅព្យាបាលភ្លាមៗ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។ បន្ទាប់មក សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី និងស្ទូចរថយន្តទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕