រដ្ឋធានីដាម៉ាស់៖ បំពង់បង្ហូរឧស្ម័នដ៏ធំ នៅក្នុងរដ្ឋធានីដាម៉ាស់ ត្រូវបានបំផ្ទុះដោយក្រុមភេរវករ កាលពីព្រឹក ថ្ងៃទី២៤ ខែសីហា ហើយហេតុការណ៍នេះបានបង្កឲ្យដាច់ចរន្ដអគ្គិសនីពេញមួយប្រទេស។
លោក Ali Ghanem រដ្ឋមន្រ្ដីក្រសួងថាមពល និងរ៉ែស៊ីរី បានថ្លែងថា ការផ្ទុះបំពង់បង្ហូរឧស្ម័ននេះ បានបណ្ដាលឲ្យដាច់ចរន្តអគ្គិសនីពេញប្រទេសស៊ីរី។ លោកចាត់ទុកថា ការបំផ្ទុះបំពង់ឧស្ម័ននេះ គឺជាអំពើភេរវកម្ម។
បណ្ដាញទូរទស្សន៍របស់ស៊ីរី Al-Ikhbariya បានដកស្រង់សម្ដីរបស់រដ្ឋមន្រ្ដីថាមពល និងរ៉ែ បានបញ្ជាក់ថា ការផ្ទុះបំពង់បង្ហូរឧស្ម័ននេះ បានកើតឡើង រវាងបំពង់ឧស្ម័នពីតំបន់ Adra និង Al-Dumayr ។ ប៉ុន្ដែក្រោយការវាយតម្លៃអំពីស្ថានការណ៍នេះរួចមក គេអាចកំណត់បានថា នេះជាការវាយប្រហារ ដោយក្រុមភេរវករ។
លោក Muhammad Zuhair Kharboutli រដ្ឋមន្រ្ដីក្រសួងអគ្គិសនី បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រុមអ្នកជំនាញកំពុងរៀបចំ ដើម្បីឲ្យស្ថានីយអគ្គិសនីដំណើរការឡើងវិញ។ រីឯការជួសជុលនេះ នឹងអាចផ្គត់ផ្គង់ភ្លើងដល់បណ្ដាខេត្ដមួយចំនួនរបស់ប្រទេសស៊ីរីផងដែរ៕