រាជធានីភ្នំពេញ៖ កម្មករសំណង់ម្នាក់ កំពុងបំពេញការងាររបស់ខ្លួន ស្រាប់តែជួបនឹងគ្រោះអកុសល ត្រូវអគ្គិសនីឆក់ស្លាប់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅក្នុងផ្ទះល្វែងជាន់ទី២ ខាងត្បូងជាប់នឹងស្តុបទួលពង្រ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
មន្រ្ដីនគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សុខ ទិត្យ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅកន្លែងកើតហេតុ។ ជនរងគ្រោះ មានស្រុកកំណើត នៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។
ប្រភពព័ត៌មានពីក្រុមកម្មការធ្វើការជាមួយគ្នា បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះអកុសលនោះ ជនរងគ្រោះបានឡើងទៅលើជាន់ទី២ ដើម្បីលាបថ្នាំបង្កាន់ដៃផ្ទះល្វែង ដែលសង់កៀកជាប់នឹងខ្សែកាប្លិ៍។ លុះមកដល់វេលាខាងលើ ជនរងគ្រោះបានជាន់ឈរ ប៉ះនឹងខ្សែកាប្លិ៍ បណ្តាលឲ្យឆក់ ធ្លាក់មកក្រោមស្លាប់ភ្លាមៗមួយរំពេច។
ប្រភពព័ត៌មានដដែល បានបន្ដថា ឃើញហេតុការណ៍ដ៏រន្ធត់បែបនេះ អ្នករួមការងារជាមួយគ្នាបាននាំគ្នាសែងជនរងគ្រោះទៅកប់ដីខ្សាច់។ ប៉ុន្ដែពួកគេនៅតែមិនអស់ចិត្ត ទើបហៅក្រុមសង្គ្រោះឲ្យមកជួយពិនិត្យ ក៏ប្រាប់ថា ជនរគ្រោះបានស្លាប់បាត់ទៅហើយ។ ដោយឡែកមេការសំណង់វិញ បែរជាបញ្ជាឲ្យកម្មករនាំគ្នាទាញស័ង្កសី មកបិទបាំងពីខាងមុខ រួចរុំសាកសព និងបញ្ជាឲ្យក្រុមកម្មករជាសាច់ញាតិដឹកចេញ ក្នុងបំណង់គេចវេះ ពីទំនួលខុសត្រូវ ប៉ុន្ដែបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ឃាត់ទុក។
ប្រជាពលរដ្ឋធ្វើដំណើរនៅតាមផ្លូវ បានលើឡើងថា សំណង់នេះ ពួកគាត់សង័្សយតែគ្មានច្បាប់ទម្លាប់តែ ទើបហ៊ានសាងសង់រំលោភលើដីចំណីផ្លូវ លយចូលមកកៀកនឹងខ្សែកាប្លិ៍ ដែលភ្លើងមានតង់ស្យុងខ្ពស់បែបនេះ។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋទទូចស្នើសុំឲ្យអាជ្ញាធរ ក៏ដូចជា សមត្ថកិច្ចពាក់ព័ន្ធ មេត្ដាជួយពិនិត្យឡើងវិញ លើករណីសំណង់ ដែលសង់ជិតរួចរាល់ ហើយបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។
ក្រោយពេលកើតហេតុ ប្រពន្ធរបស់ជនរគ្រោះមកដល់ ហើយបានត្រឹមស្រែកទ្រហោយំ ទាំងក្តីសោកសៅ និងរង់ចាំមន្រ្ដីជំនាញចុះមកពិនិត្យ និងធ្វើកោសល្យវិច័យ មុននឹងដឹកសពទៅធ្វើបុណ្យ តាមប្រពៃណី នៅឯស្រុកកំណើត។ ប៉ុន្ដែគេមិនទាន់ដឹងថា ម្ចាស់សំណង់ ឬមេការចេញសំណងឲ្យជនរងគ្រោះប៉ុន្មាន នៅក្នុងករណីគ្រោះថ្នាក់ ក្នុងពេលបំពេញការងារនេះឡើយ៕